ក្រុមយុវជនរបស់ Liverpool បានបង្ហាញថា លោកគ្រូបង្វឹក Jurgen Klopp ពិតជាសម្រេចចិត្តត្រឹមត្រូវក្នុងការមិនប្រើប្រាស់តារាឆ្នើមៗរបស់លោក ខណៈដែលពួកគេបានឈានទៅប្រកួតជុំទី៥នៃពាន FA Cup តាមរយៈការយកឈ្នះលើក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៣ Shrewsbury ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអង្គារ៍។ លោក Klopp និងក្រុមជម្រើសដំបូងទាំងអស់របស់លោក សុទ្ធសឹងបានអវត្តមានសម្រាប់ការប្រកួតជុំទី៤ ជើងទី២ នៅកីឡដ្ឋាន Anfield ដោយសារតែត្រូវសម្រាកនារដូវរងា។
អ្នកចាត់ការទូទៅរបស់ក្រុម Liverpool ត្រូវបានរិះគន់ថា មិនគោរពដល់ការប្រកួតពាន FA Cup ប៉ុន្តែកីឡាករវ័យក្មេងរបស់លោក បានបង្ហាញពីកម្រិតរឹងមាំរបស់ពួកគេ ហើយការបង្ហាញពីទម្រង់លេងប្រកបដោយភាពចាស់ទុំរបស់ពួកគេ បានទទួលផលតបស្នង នៅពេលដែលកីឡាករ Ro-Shaun Williams រកបានគ្រាប់បាល់កាត់សេចក្តី នៅជិតបញ្ចប់ការប្រកួត។
Liverpool នឹងត្រូវប៉ះជាមួយនឹងក្រុម Chelsea ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡដ្ឋាន Stamford Bridge នៅខែមីនា ខណៈដែលពួកគេនៅតែស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពាន៣រួមមាន Premier League, Champions League និង FA Cup។
លោក Klopp បានប្រគល់ការទទួលខុសត្រូវលើការដឹកនាំក្រុម Liverpool ទៅឲ្យគ្រូបង្វឹកក្រុមអាយុក្រោម២៣ឆ្នាំលោក Neil Critchley ដែលក៏បានដឹកនាំក្រុមផងដែរ នៅពេលដែលក្រុមហង្សក្រហម បានរងបរាជ័យយ៉ាងចាស់ដៃក្រោមស្នាដៃក្រុម Aston Villa ក្នុងពាន League Cup កាលពីដើមរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia