ខ្សែប្រយុទ្ធចាស់វស្សា Robert Lewandowski របស់ក្រុម Bayern Munich នឹងខកខានការប្រកួតជើងទី២ នៃពានរង្វាន់ Champions League របស់ពួកគេទល់នឹងក្រុមតោខៀវ Chelsea ដោយសាររបួស។

កីឡាករអន្តរជាតិប៉ូឡូញរូបនេះបានចែកបាល់អោយមិត្តរួមក្រុម កីឡាករ Serge Gnabry ចំនួន ២គ្រាប់និងរកបានគ្រាប់ទី៣ ខណៈដែល Bayern Munich ទទួលជ័យជំនះ ៣-០ នៅ ទឹកដី Stamford Bridge ជើងទី១ កាលពីថ្ងៃអង្គារ៍ តែនិងត្រូវអវត្តមាន ៤សប្តាហ៍ដោយសារបញ្ហារបួសជិតសន្លាក់ជង្គង់ខាងឆ្វេងកំលុងការប្រកួតនោះ។ Lewandowski រកបាន ៣៩គ្រាប់ហើយសម្រាប់ ៣៣ប្រកួតក្នុងក្របខណ្ឌទាំងអស់នៅរដូវកាលនេះ។

ខ្សែប្រយុទ្ធឆ្នើមវ័យ ៣១ឆ្នាំរូបនេះទំនងជាអវត្តមានយ៉ាងហោចណាស់ ៦ប្រកួតសម្រាប់ក្រុមកំពូលតារាងដែលកំពុងមានគម្លាត ១ពិន្ទុលើក្រុមលេខ២ RB Leipzig។ ដូច្នេះមានន័យថា Lewandowski និងអវត្តមានការប្រកួត Bundesliga ៤ដង,ការប្រកួតវគ្គ ១/៤ German Cup ជាមួយក្រុម Schalke និងការប្រកួតជើងទី២ Champion League ជាមួយ Chelsea នៅថ្ងៃទី ១៨ ខែមីនាក្នុងរយៈពេល ៤សប្តាហ៍ក្រោយ។

ប្រភព៖ BBC