លោក Pep Guardiola បាននិយាយថា សមិទ្ធិផលរបស់លោក Zinedine Zidane ក្នុងការឈ្នះពានក្របខ័ណ្ឌ Champions Leagues ៣រដូវកាលជាប់ៗគ្នា នឹងមិនមានគ្រូបង្វឹករូបណាអាចធ្វើបានម្តងទៀតឡើយ ខណៈដែលក្រុម Manchester City ត្រៀមជួបជាមួយនឹងក្រុម Real Madrid ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៅរាត្រីនេះ។

Man City នឹងត្រូវប៉ះជាមួយនឹងក្រុម Real ក្នុងជើងទី១ នាកីឡដ្ឋាន Santiago Bernabeu ដែលជាកន្លែងលោក Guardiola និងលោក Zidane ធ្លាប់ប្រជែងគ្នាជាលើកដំបូង ក្នុងនាមជាគ្រូបង្វឹក។

លោក Guardiola មិនធ្លាប់បានឈ្នះពានក្របខ័ណ្ឌ Champions League សោះ បើគិតចាប់តាំងពីក្រុម Barcelona របស់លោកបានឈ្នះកាលពីឆ្នាំ២០១១ ស្របពេលដែលលោក Zidane បានជួបភាពជោគជ័យដ៏មិនគួរឲ្យជឿ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែល Real បានក្លាយជាម្ចាស់ជើងឯកក្នុងឆ្នាំ២០១៦ ២០១៧ និងឆ្នាំ២០១៨។ លោក Guardiola បាននិយាយកាលពីថ្ងៃអង្គារ៍ថា៖ «អ្វីដែលគាត់សម្រេចបាននៅអឺរ៉ុប នឹងមិនមានគ្រូបង្វឹករូបណាធ្វើដូចឡើយ។ ការឈ្នះពានក្របខ័ណ្ឌ Champions Leagues ៣លើកជាប់ៗគ្នា បង្ហាញពីភាពអស្ចារ្យរបស់ក្លិបនេះ។ វាបន្តពីមួយជំនាន់ទៅមួយជំនាន់»។

លោក Zidane បាននិយាយមុននេះកាលពីថ្ងៃអង្គារ៍ថា លោក Guardiola គឺជាគ្រូបង្វឹកដ៏ឆ្នើមបំផុតក្នុងពិភពលោក ហើយក៏បាននិយាយពីដំណើរទស្សនាកិច្ចរបស់លោកដើម្បីទៅលេងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នៅក្លិប Bayern Munich កាលពីឆ្នាំ២០១៥ ផងដែរ៕

ប្រភពព័ត៌មាន៖ Channel News Asia