លោក Frank Lampard អុ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានជឿជាក់ថា ក្រុមតោខៀវរបស់លោក អាចបង្កើតការភ្ញាក់ផ្អើលដល់ក្រុម Bayern Munich ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ម្តងទៀត បើទោះបីពួកគេបានធ្លាក់ចុះទម្រង់លេងក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីពេលថ្មីៗនេះ ក៏ដោយ។
ការដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Tottenham កាលពីថ្ងៃសៅរ៍ គឺជាជ័យជម្នះជាលើកទី១របស់ក្រុម Chelsea ក្នុងចំណោមការប្រកួតលីក៥លើកចុងក្រោយរបស់ពួកគេ ដើម្បីរក្សាការគ្រប់គ្រងការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ទោះបីជាយ៉ាងណា ក្រុម Bayern គឺជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើក្រុមដែលគ្មានបទពិសោធរបស់លោក Lampard ក៏ដូចជាបំពេញការសងសឹកចំពោះការរងបរាជ័យរបស់ពួកគេលើទឹកដីខ្លួនឯង ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១២។
លោក Lampard គឺជាសមាជិកម្នាក់របស់ក្រុម Chelsea ដែលបានលើកពានក្នុងទីក្រុង Munich ហើយលោកជឿជាក់ថា លោកអាចស្វែងរកចំណុចខ្សោយដើម្បីផ្តល់ការខកចិត្តដល់ក្រុមដែលកំពុងតែនាំមុខលើតារាងក្របខ័ណ្ឌ Bundesliga មួយនេះ។ លោក Lampard បានឲ្យដឹងថា៖ «ការងាររបស់ខ្ញុំគឺគ្រាន់តែការរៀបចំក្រុម ស្ទង់ទៅលើកម្រិតលេងរបស់គូប្រកួត មើលភាពខ្លាំងរបស់ពួកគេ ភាពខ្លាំងរបស់យើង និងត្រួតពិនិត្យមើលថា យើងអាចឃើញពីចំណុចខ្សោយ ឬអត់»។
លោកបានបន្ថែមទៀតថា៖ «ខ្ញុំយល់ឃើញថា ប្រសិនបើមនុស្សជាច្រើនចាត់ទុកថា យើងជាក្រុមមានក្តីសង្ឃឹមតិច ពីព្រោះ Bayern Munich ជាក្រុមដ៏ខ្លាំង ហើយប្រសិនបើអ្នកក្រឡេកមើលក្រុមនេះ មេដាយ និងបទពិសោធដែលពួកគេមាន យើងប្រហែលជាគ្មានបទពិសោធនោះឡើយ។ ប៉ុន្តែ អ្វីៗបានផ្លាស់ប្តូរ។ ក្រុមមានក្តីសង្ឃឹមតិច ស្ថិតនៅទីនេះដើម្បីផ្លាស់ប្តូររឿងរ៉ាវផ្សេងៗ»៕
ប្រភពព័ត៌មាន៖ Channel News Asia