ក្រុម Liverpool បានតាមស្មើកំណត់ត្រានៃការកត់ត្រាជ័យជម្នះ១៨លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League នៅពេលដែលក្រុមកំពុងតែនាំមុខដាច់មួយនេះ បានវាយបកដេញតាមពីក្រោយ ដើម្បីផ្តួលក្រុម West Ham ក្នុងលទ្ធផល ៣-២ តាមរយៈគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតរបស់ Sadio Mane កាលពីថ្ងៃច័ន្ទ។

ក្រុមរបស់លោក Jurgen Klopp បានធ្លាក់ចូលក្នុងគ្រោះថ្នាក់នៃការបាត់បង់ពិន្ទុក្នុងក្របខ័ណ្ឌ Premier League ជាលើកដំបូង បើគិតចាប់តាំងពីការទទួលបានលទ្ធផលស្មើរបស់ពួកគេនៅលើទឹកដីក្រុម Manchester United កាលពីថ្ងៃទី២០ ខែតុលា បន្ទាប់ពីរបូតគ្រាប់បាល់នៅតង់ទី២ នាកីឡដ្ឋាន Anfield។ ខ្សែបម្រើ Georginio Wijnaldum បានជួយឲ្យក្រុម Liverpool មានគ្រាប់បាល់នាំមុខមុន ប៉ុន្តែ Issa Diop បានរកគ្រាប់បាល់តាមស្មើវិញភ្លាមៗបន្ទាប់ពីនោះ។

កីឡាករ Pablo Fornals បានជួយឲ្យក្រុមធ្លាក់ចុះទម្រង់លេង West Ham មានគ្រាប់បាល់នាំមុខដ៏មិននឹកស្មានដល់ ប៉ុន្តែ ការប្រព្រឹត្តកំហុសរបស់ Lukasz Fabianski បានអនុញ្ញាតឲ្យ Mohamed Salah រកបានគ្រាប់បាល់តាមស្មើ តាមរយៈការស៊ុតបាល់បញ្ចូលទីជាលើកទី១៩របស់គេ នៅរដូវកាលនេះ។ Mane បានបំពេញការវាយបកសម្រាប់ក្រុមខ្លួន នៅរយៈពេល៩នាទីចុងក្រោយ ខណៈដែលក្រុម Liverpool បាននាំមុខ២២ពិន្ទុដាច់លើក្រុមឈរលេខ២ Manchester City។

ការដណ្តើមបានជ័យជម្នះទាំងប្រផិតប្រផើយនេះ បានជួយឲ្យក្រុម Liverpool តាមស្មើកំណត់ត្រាក្នុងក្របខ័ណ្ឌកំពូលរបស់ Manchester City តាមរយៈការដណ្តើមបានជ័យជម្នះក្នុងការប្រកួតលីក ជាលើកទី១៨ជាប់ៗគ្នា ដោយកំណត់ត្រានោះត្រូវបានបង្កើតឡើងនៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០១៧។ ក្រុម Liverpool ត្រូវការជ័យជម្នះត្រឹមតែ៤លើកទៀតប៉ុណ្ណោះ ពីការប្រកួត១១លើកចុងក្រោយរបស់ពួកគេ ដើម្បីឈ្នះពានអង់គ្លេស ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០៕

រភពព័ត៌មាន៖ Channel News Asia