លោក Mikel Arteta បានទទួលស្គាល់ថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានលុបចោលនូវការសង្ស័យផ្សេងៗអំពីការប្តេជ្ញាចិត្តរបស់គេ ក្រោយពីប្រធានក្រុមនៃក្រុម Arsenal រូបនេះ បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងពេលពួកគេដណ្តើមបានជ័យជម្នះ ៣-២ លើក្រុម Everton កាលពីថ្ងៃអាទិត្យ។

ក្នុងរដូវកាលដ៏ត្រដាបត្រដួសមួយ ក្រុម Arsenal ត្រូវបានគេមើលរំលងសម្រាប់ការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League។ ប៉ុន្តែ ក្រោយពីទទួលតំណែងក្នុងការសង្គ្រោះក្រុមបន្ទាប់ពីរជ្ជកាលរបស់លោក Unai Emery ការស្រោចស្រង់របស់ក្រុម Arsenal ក្រោមការដឹកនាំរបស់លោក Arteta កំពុងតែស្ថិតក្នុងដំណើរការទៅមុខយ៉ាងល្អ។

ក្រោយពីបានរបូតគ្រាប់បាល់តាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អនៅដើមតង់របស់កីឡាករ Dominic Calvert-Lewin នាកីឡដ្ឋាន Emirates ក្រុម Arsenal បានគ្រាប់បាល់តាមស្មើវិញតាមរយៈកីឡាករ Eddie Nketiah បានរកគ្រាប់បាល់នាំមុខវិញតាមរយៈកីឡាករ Aubameyang។ ខ្សែប្រយុទ្ធ Richarlison បានរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុម Everton ដើម្បីបំពេញការប្រកួតដ៏រំភើបនៅតង់ទី១ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិហ្គាបុង Aubameyang បានរកគ្រាប់បាល់កាត់សេចក្តីសម្រាប់ក្រុមខ្លួនបន្ទាប់ពីសម្រាកតង់ទី១។

លោក Arteta គ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ បានប្រកាសថា មិនមានការជឿជាក់ទៅលើស្មារតីរបស់លោក Aubameyang ឡើយ នៅមុនពេលលោកបានទទួលតំណែង ប៉ុន្តែ ក្រោយពីបានឃើញពីការខិតខំប្រឹងប្រែងរបស់តារាឆ្នើមរូបនេះ លោកចាប់ផ្តើមមានអារម្មណ៍ស្ងប់។ លោក Arteta បានឲ្យដឹងថា៖ «នៅមុនពេលខ្ញុំបានកាន់តំណែង ខ្ញុំមានសំណួរជាច្រើនអំពីរូបគេ ប៉ុន្តែ គេបានបង្ហាញពីការប្តេជ្ញាចិត្តរបស់គេ។ ខ្ញុំចង់ឲ្យរូបគេបង្ហាញថា រូបគេចង់ធ្វើវា និងធ្វើទាំងភាពរឹងមាំ»៕

ប្រភពព័ត៌មាន៖ Channel News Asia