ក្លិបបាល់ទាត់មេឃខៀវ Manchester City និង Barcelona ត្រូវចំណាយប្រាក់ប្រមាណ ៩៧លានដុល្លារ (៧៥លានផោន) បើសិនជាចង់បានរនាំងការពាររបស់ Inter Milan កីឡាករ Milan Skriniar នៅទីផ្សារដោះដូររដូវក្ដៅខាងមុខ។

កីឡាករវ័យ២៥ឆ្នាំគឺជាកម្លាំងស្នូលនៅតំបន់ការពាររបស់ក្រុម Inter Milan ក្រោមការដឹកនាំរបស់លោក Antonio Conte នៅរដូវកាលនេះ។ ប៉ុន្តែបើតាមកាសែតអ៊ីតាលី Calciomercato ក្លិបមានមូលដ្ឋាននៅទីក្រុង Milan អាចនឹងបញ្ចេញកីឡាករខ្សែការពារជម្រើសជាតិស្លូវ៉ាគីរូបនេះ ឲ្យតែមានសំណើណាមួយក្នុងទំហំទឹកប្រាក់ច្រើន។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា សំណើប្រមាណជា៧៧លានដុល្លាររបស់ Manchester City ត្រូវបានក្លិបជើងឯក Champions League កាលពី១០ឆ្នាំមុន បដិសេធ។ យ៉ាងណាមិញ ប្រភពដដែលបានបន្តរៀបរាប់ថា Inter Milan ហាក់មិនសូវចង់រក្សាទុក Skriniar ប៉ុន្មាននោះទេ ដោយក្លិបមានខ្សែការពារកំពុងឡើងកូដវ័យ២០ឆ្នាំ Alessandro Bastoni ដើម្បីត្រៀមប៉ះប៉ូវនៅពេលដែលគេចាកចេញ។

គួរឲ្យដឹងផងដែរថា Skriniar បានចាកចេញពីក្លិប Sampdoria មកលេងនៅកីឡដ្ឋាន San Siro កាលពីឆ្នាំ២០១៧ ដោយគិតមកត្រឹមពេលនេះ រយៈពេល៣ឆ្នាំ គេចូលលេងបាន១១៥ប្រកួត ក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភព​​​៖ DailyMail​ ប្រភពពី: Khmerlaod