លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Tottenham ជឿជាក់ ការជាប់ពិន័យព្យួររយៈពេល២រដូវកាលរបស់ក្រុម Manchester City ពីក្របខ័ណ្ឌ Champions League បានបើកទ្វារឲ្យក្រុមជាច្រើនក្នុងការប្រជែងដណ្តើមយកកៅអីសម្រាប់យុទ្ធនាការនៅរដូវកាលនេះ។
ក្រុមរបស់លោក Mourinho បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងក្របខ័ណ្ឌ Premier League ដែលអាចនឹងគ្រប់គ្រាន់ក្នុងការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League ប្រសិនបើការប្តឹងឧទ្ធរណ៍របស់ Man City ប្រឆាំងនឹងការដាក់ពិន័យនេះ រងនូវការបរាជ័យ ក្រោយពី Son Heung-min បានរកគ្រាប់បាល់ឈ្នះ ក្នុងពេល Spurs ផ្តួល Aston Villa ៣-២ កាលពីថ្ងៃអាទិត្យ។
ក្រុម Spurs ក៏កំពុងតែដេញតាមពីក្រោយអតីតក្រុមរបស់លោក Mourinho គឺ Chelsea ត្រឹមតែ១ពិន្ទុផងដែរ ខណៈដែលក្រុមទាំង២នឹងត្រូវជួបគ្នានាកីឡដ្ឋាន Stamford Bridge នៅចុងសប្តាហ៍ក្រោយ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ក្នុងចំណោមក្រុមកំពូលទាំង១០ បច្ចុប្បន្នសុទ្ធសឹងមានគម្លាតដេញតាមពីក្រោយគ្នា៦ពិន្ទុ ក្នុងការប្រជែងយកកៅអីទៅកាន់ក្របខ័ណ្ឌ Champions League។ លោក Mourinho បានឲ្យដឹងថា៖ «បង្អួចកំពុងតែបើកសម្រាប់ក្រុមជាច្រើន។ អ្វីដែលហាក់ដូចជាឆ្ងាយ នៅពេលនេះ ចំណាត់ថ្នាក់លេខ៥ ស្ថិតនៅមិនឆ្ងាយឡើយ។ ក្រុម Arsenal, Everton, Sheffield United, Wolves នឹងមានអារម្មណ៍ថាពួកគេមានឱកាសនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia