លោក Pep Guardiola បានបញ្ជាក់ថា លោកមិនមានបំណងក្នុងការធ្វើឲ្យអ្នកគាំទ្ររបស់ក្រុម Manchester City ខកចិត្ត តាមរយៈការបញ្ចេញមតិទាក់ទងនឹងវត្តមានរបស់អ្នកគាំទ្រនៅកីឡដ្ឋាន Etihad សម្រាប់ការប្រកួតពាន FA Cup Ca ជាមួយនឹងក្រុម Fulham នៅថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឡើយ។

អ្នកទស្សនាត្រឹមតែ៣៩ ២២៣នាក់ប៉ុណ្ណោះ នៅកីឡដ្ឋានដែលអាចផ្ទុកអ្នកទស្សនាបាន ៥៥០០០នាក់ បានទស្សនាក្នុងពេលក្រុម Man City បានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ៤-០។ បន្ទាប់ពីការប្រកួតនេះ លោក Guardiola បានឲ្យដឹងថា៖ «ការលើកទឹកចិត្ត ពិតជាមាន ហើយជាការរំពឹងទុក ក្នុងការប្រកួតបន្ទាប់ពេលប៉ះជាមួយនឹងក្រុម Man United អ្នកគាំទ្ររបស់យើង អាចមក និងមានវត្តមានពេញកីឡដ្ឋាន»។

លោកបានប្រាប់បន្តថា៖ «អ្នកគាំទ្រមិនមានវត្តមានពេញកីឡដ្ឋានឡើយ។ ខ្ញុំមិនដឹងថា ហេតុអ្វីឡើយ។ ការប្រកួតនៅថ្ងៃពុធនេះ នឹងផ្តល់ឱកាសមួយក្នុងការវិលទៅកាន់កីឡដ្ឋានវិញ។ ជាការរំពឹងទុក ពួកគេនឹងគាំទ្រដល់យើងជាច្រើនបន្ថែមទៀត»។ នៅពេលដែលនិយាយទាក់ទងនឹងតម្រូវការហិរញ្ញវត្ថុសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់ លោក Guardiola បានប្រាប់កាលពីថ្ងៃអង្គារថា៖ «ខ្ញុំយល់ច្បាស់ពីអ្នកគាំទ្រ។ ខ្ញុំមិនដែលមានបំណងក្នុ្ងងការធ្វើឲ្យពួកគេអន់ចិត្តឡើយ។

វាជារឿងដ៏ល្អក្នុងការមានអ្នកគាំទ្រនៅទីនេះ។ ខ្ញុំតែងតែដឹងគុណសម្រាប់ការគាំទ្ររបស់ពួកគេជានិច្ច»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ចាប់តាំងពីខ្ញុំបានមកដល់ពេលនេះ រហូតដល់ថ្ងៃចុងក្រោយ ខ្ញុំចង់ខិតខំព្យាយាមឲ្យបានខ្លាំងតាមដែលអាច និងចង់ឲ្យកីឡដ្ឋាន Etihad មានវត្តមានអ្នកទស្សនាពេញទាំងអស់ រាល់ការប្រកួត»៕

ប្រភពព័ត៌មាន៖ Channel News Asia