លោក Mino Raiola ដែលជាភ្នាក់ងារតំណាងឲ្យ Paul Pogba បានបង្ហើបប្រាប់ថា តារាឆ្នើមរបស់ក្លិប Manchester United រូបនេះ អាចនឹងចាកចេញពីកីឡដ្ឋាន Old Trafford ប្រសិនបើរូបគេមិនមានភាពរីករាយនៅចុងរដូវកាលនេះ។
Pogba បានបង្ហាញខ្លួនត្រឹមតែ៨លើកគត់សម្រាប់ Man United អំឡុងពេលយុទ្ធនាការបច្ចុប្បន្ននេះ ក្រោយពីត្រូវជម្នះលើបញ្ហារបួសកជើង ហើយពាក្យចរចាមអារ៉ាមផ្សេងៗកំពុងតែកើតមានជុំវិញអនាគតរបស់ខ្សែបម្រើអន្តរជាតិបារាំងរូបនេះ ក្នុងពេលរូបគេអវត្តមាន។
Pogba ទើបតែបានវិលចូលលេងវិញតាមរយៈការលេងជាកីឡាករបម្រុង២លើកក្នុងពេលប្រកួតជាមួយនឹងក្រុម Watford និង Newcastle កាលពីខែធ្នូ ប៉ុន្តែ បានជួបបញ្ហាជង្គង់ជាថ្មី ស្របពេលដែលមានពាក្យចរចាមអារ៉ាមថា រូបគេចង់ចាកចេញពីក្លិប Man United។
លោក Raiola បានបន្ថែមពាក្យស្រពេចស្រពិលផ្សេងៗទៅលើអនាគតរបស់ Pogba កាលពីថ្ងៃពុធ នៅពេលដែលរូបគេបាននិយាយថា អតិថិជនរបស់ខ្លួន មិនត្រូវបានធានាថា នឹងនៅតែបន្តលេងឲ្យក្រុមធ្លាក់ទម្រង់របស់លោក Ole Gunnar Solskjaer ឡើយ ប្រសិនបើរូបគេមិនសប្បាយចិត្ត។ លោក Raiola បានប្រាប់បណ្តាញសារព័ត៌មាន Sky Sports News ថា៖ «ខ្ញុំរំពឹងទុកថា រាល់កីឡាកររបស់ខ្ញុំនឹងរីករាយ ហើយរំពឹងទុកថា ក្លិបផ្សេងៗក៏រីករាយដែរ។ នេះគឺជាការងាររបស់ខ្ញុំ។ ខ្ញុំមិនចង់ធ្វើការពីមុខអ្វីដែលអាចនឹងកើតឡើងនៅរដូវក្តៅនេះឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia