លោក Jurgen Klopp គ្រូបង្វឹករបស់ក្លិប Liverpool មិនមានបំណងក្នុងការអនុញ្ញាតឲ្យកីឡាករណាម្នាក់ចាកចេញក្លិបនេះពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករា នេះឡើយ ស្របពេលដែលលោកខិតកាន់តែកៀកក្នុងការឈ្នះពាន Premier League។
ក្រុមរបស់លោក Klopp កំពុងតែនាំមុខ១៣ពិន្ទុដាច់លើក្រុមម្ចាស់ការពារជើងឯក Manchester City ខណៈនៅសល់២ប្រកួតក្នុងដៃ និងហាក់ស្ថិតក្នុងភាពច្បាស់លាស់ក្នុងការក្លាយជាក្រុមម្ចាស់ជើងឯកអង់គ្លេសជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០។
ក្រុមមិនស្គាល់ចាញ់ Liverpool នឹងត្រូវធ្វើដំណើរទៅជួបក្រុម Wovles នៅរាត្រីនេះ ដោយសម្លឹងរកការដណ្តើមយកជ័យជម្នះជាលើកទី២២របស់ពួកគេ ក្នុងចំណោមការប្រកួត២៣លើកនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ក្លិប Sevilla និង Roma បានព្យាយាមដាក់សំណើខ្ចីជើងខ្សែបម្រើ Xherdan Shaqiri ដែលបច្ចុប្បន្នមិនទាន់មានភាពរឹងមាំទាំងស្រុងឡើយ ប៉ុន្តែ លោក Klopp បានបញ្ជាក់ថា ក្រុមរបស់លោកគ្មានផែនការក្នុងការអនុញ្ញាតឲ្យកីឡាករណាម្នាក់ចាកចេញឡើយ។
ក្នុងសន្និសីទសារព័ត៌មាននៅមុនការប្រកួត លោក Klopp បានបញ្ជាក់ថា៖ «យើងបានប្រើប្រាស់កីឡាករបម្រុងជាច្រើននៅខែធ្នូ និងខែមករា។ កីឡាករវ័យក្មេងទាំងនោះពិតជាអស្ចារ្យ តែពួកគេនៅតែកីឡាករវ័យក្មេង ហេតុនេះ តើយើងគិតពីការអនុញ្ញាតឲ្យកីឡាករណាម្នាក់ចាកចេញម្តេចនឹងកើត។ ខ្ញុំមិនយល់ឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia