លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City ជឿជាក់ថា ក្រុមរបស់លោកត្រូវតែរក្សាកម្រិតស្តង់ដារឲ្យខ្ពស់ ក្នុងក្របខ័ណ្ឌ Premier League ប្រសិនបើពួកគេចង់ឈ្នះពានក្នុងយុទ្ធនាការដណ្តើមពាន៣នៅរដូវកាលនេះ។
ការប្រជែងរបស់ក្រុម Man City សម្រាប់ការឈ្នះពានក្របខ័ណ្ឌលីកជាលើកទី៣ជាប់ៗគ្នា ហាក់ដូចជាត្រូវបញ្ចប់ទៅហើយ ក្រោយពីពួកគេដេញតាមដល់ទៅ១៦ពិន្ទុពីក្រោយក្រុម Liverpool ដែលក៏នៅសល់១ប្រកួតក្នុងដៃច្រើនជាងក្រុមរបស់លោក Guardiola ផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណា អ្នកវិភាគបាល់ទាត់ជាច្រើននៅតែជឿជាក់ថា ក្រុម Man City ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការការពារពាន League Cup និង FA Cup ហើយពួកគេនឹងត្រូវជួបជាមួយនឹងក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ។
លោក Guardiola បានឲ្យដឹងថា៖ «ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យើងត្រូវតែខិតខំព្យាយាមបន្ថែមទៀតនៅចំពោះមុខយើង និងបង្កើនកម្រិតលេងឲ្យបានល្អប្រសើរ។ អ្នកមិនអាចលេងបានល្អក្នុងការប្រកួតចាញ់ធ្លាក់ឡើយ ប្រសិនបើអ្នកមិនមានទម្រង់លេងល្អក្នុងក្របខ័ណ្ឌ Premier League»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «វាមិនមែនមានរយៈពេលតែ១ថ្ងៃឡើយ អ្នកមានថ្ងៃល្អ និងមិនល្អ។ អ្នកត្រូវតែរក្សាកម្រិតលេងឲ្យខ្ពស់តាមដែលអាច»៕
ប្រភពព័ត៌មាន៖ Channel News Asia