លោក Jurgen Klopp បានទទួលស្គាល់ថា អ្នកគាំទ្ររបស់ក្រុម Liverpool គួរតែសុបិនពីការឈ្នះពាន Premier League ជាលើកទី១ ក្នុងរយៈពេល៣០ឆ្នាំនេះ បើទោះបីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនបានបង្ហាញពីការមានមោទនភាព ជាពិសេសបន្ទាប់ពីបាននាំមុខ១៦ពិន្ទុដាច់លើកំពូលតារាងក៏ដោយ។

គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ និងនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Mohamed Salah បានជួយឲ្យក្រុម Liverpool យកឈ្នះលើក្រុម Manchester United ២-០ នាកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ និងដណ្តើមបានជ័យជម្នះក្នុងការប្រកួតលីកជាលើកទី១៤ជាប់ៗគ្នា បើគិតចាប់តាំងពីក្រុមទាំង២បានជួបគ្នាជាលើកចុងក្រោយ នាកីឡដ្ឋាន Old Trafford កាលពីខែតុលា។

ក្រោយពី Salah បានអូសបាល់ដាច់ដើម្បីស៊ុតបាល់បញ្ចូលទី ក្រោយពីការបញ្ជូនបាល់ពីអ្នកចាំទី Alisson Becker នៅជិតបញ្ចប់ការប្រកួត អ្នកគាំទ្ររបស់ Liverpool បាននាំគ្នាស្រែកច្រៀងថា «យើងនឹងឈ្នះពានរង្វាន់លីកនេះហើយ» ជាលើកដំបូង នៅរដូវកាលនេះ។

លោក Klopp បានបញ្ជាក់ថា ការជឿជាក់ នឹងមិនដាក់សម្ពាធលើកីឡាកររបស់លោកឡើយ ប៉ុន្តែពួកគេកំពុងតែត្រៀមខ្លួនរួចរាល់ក្នុងការផ្តោតលើការប្រកួតបន្ទាប់នៅលើទឹកដីក្រុម Wolves នៅថ្ងៃព្រហស្បតិ៍។ លោក Klopp បានឲ្យដឹងថា៖ «អ្នកគាំទ្រត្រូវបានអនុញ្ញាតឲ្យសុបិន អនុញ្ញាតឲ្យច្រៀង ក៏ដូចជាពួកគេត្រូវធ្វើការងាររបស់ពួកគេផងដែរ នៅពេលដែលយើងប្រកួត»៕

ប្រភពព័ត៌មាន៖ Channel News Asia