លោក Pep Guardiola បាននិយាយថា ភាពជាវីរបុរសរបស់ Sergio Aguero បានកើតឡើងម្តងទៀត ក្រោយពីបានក្លាយជាខ្សែប្រយុទ្ធបរទេសដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្របខ័ណ្ឌ Premier League តាមរយៈការស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុម Manchester City បានលត់ក្រុម Aston Villa យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ កាលពីថ្ងៃអាទិត្យ។

វាប្រហែលជាយឺតពេលបន្តិចហើយក្នុងការស្រោចស្រង់ការការពារពានក្របខ័ណ្ឌ Premier League របស់ក្រុម Man City ខណៈដែលពួកគេនៅតែដេញតាមពីក្រោយក្រុម Liverpool ដែលនៅសល់១ប្រកួតក្នុងដៃ រហូតដល់ទៅ១៤ពិន្ទុ ប៉ុន្តែ ក្រោមជំនួយដ៏ធំពី Aguero ក្រុមម្ចាស់ជើងឯកមួយនេះ បានឡើងទៅឈរពីលើក្រុម Leicester ក្នុងចំណាត់ថ្នាក់លេខ២ ដើម្បីបង្ហាញថា ពួកគេនឹងមិនបោះបង់ការប្រជែងពានឡើយ។

Aguero បានបំបែកកំណត់ត្រារបស់ Thierry Henry ក្នុងនាមជាកីឡាករមិនមានសញ្ញជាតិអង់គ្លេសដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុង Premier League តាមរយៈការធ្វើឲ្យគ្រាប់បាល់សរុបរបស់គេកើនដល់១៧៧គ្រាប់ ហើយក៏បានបំបែកំណត់ត្រារបស់ Alan Shearer សម្រាប់ការរកបាន៣គ្រាប់ក្នុង១ប្រកួតជាលើកទី១២ បើ គិតចាប់តាំងពីចូលរួមជាមួយនឹង Man City ពីក្លិប Atletico Madrid ក្នុងឆ្នាំ២០១១។

Guardiola បានឲ្យដឹងថា៖ «រូបគេធ្លាប់មានភាពជាវីរបុរស ហើយភាពជាវីរបុរសនោះ កើតឡើងនៅយប់នេះ។ រូបគេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏អស្ចារ្យបំផុត ដែលខ្ញុំបានជួបក្នុងក្របខ័ណ្ឌលីកនេះ»៕

ប្រភពព័ត៌មាន៖ Channel News Asia