លោក Brendan Rodgers បានធ្វើការព្រមានថា ក្រុម Leicester នឹងត្រូវជួបការងារដ៏លំបាកដើម្បីឈានទៅប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ខ្សែប្រយុទ្ធ Kelechi Iheanacho បានជួយឲ្យក្រុមខ្លួនបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ពេលជួបក្រុម Aston Villa កាលពីថ្ងៃពុធ។

ក្រុមរបស់លោក Rodgers បានដេញតាមពីក្រោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Frederic Guilbert ក្នុងតង់ទី១នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នាកីឡដ្ឋាន King Power។ ប៉ុន្តែ Iheanacho បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីរកគ្រាប់បាល់តាមស្មើ ដែលជាគ្រាប់បាល់ទី៦របស់គេ ក្នុងការបង្ហាញខ្លួន៨លើកនៅរដូវកាលនេះ។

ក្រុម Leicester ប្រាកដជាមានអារម្មណ៍ថា ពួកគេគួរតែដណ្តើមបានជ័យជម្នះ ក្រោយពីបានគ្រប់គ្រងការប្រកួតស្ទើរតែទាំងស្រុង ប៉ុន្តែ ក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាងក្របខ័ណ្ឌ Premier League មួយនេះ នឹងត្រូវតែបញ្ចប់ការងាររបស់ខ្លួននៅកីឡដ្ឋាន Villa Park ក្នុងការប្រកួតជើងទី២ នៅថ្ងៃទី២៨ ខែមករា។

លោក Rodgers បានឲ្យដឹងថា៖ «សរុបមក ខ្ញុំបានគិតថា យើងបានគ្រប់គ្រងការប្រកួតនេះ។ Aston Villa បានការពារយ៉ាងរឹងមាំ ហើយអ្នកចាំទីក៏សង្គ្រោះបាល់ល្អៗជាច្រើនផងដែរ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ក្នុងការប្រកួតជើងទី២ វាតែងតែជាការប្រកួតដ៏លំបាក ហើយដើម្បីទៅវគ្គផ្តាច់ព្រ័ត្រ អ្នកត្រូវតែជួបការលំបាក ប៉ុន្តែ កីឡាករមានការជឿជាក់»៕

ប្រភពព័ត៌មាន៖ Channel News Asia