លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានកោតសរសើរថា ខ្សែប្រយុទ្ធ Takumi Minamino បានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះ ក្រោយពីតារាឆ្នើមអន្តរជាតិជប៉ុនរូបនេះ បានបង្ហាញខ្លួនជាលើកទី១របស់គេ ក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល ១-០ លើក្រុម Everton ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃអាទិត្យ។
Minamino វ័យ២៤ឆ្នាំ ដែលបានផ្ទេរមកពីក្លិប Salzburg របស់អូទ្រីស ក្នុងតម្លៃខ្លួន៧,២៥លានផោន (ស្មើនឹង៩,៤លានដុល្លារអាមេរិក) នោះ បានជាប់ក្នុងជម្រើសទាំង១១នាក់សំបូងរបស់ក្រុម Liverpool សម្រាប់ការប្រកួតនាកីឡដ្ឋាន Anfield។
កីឡាករវ័យ២២ឆ្នាំរូបនេះ ស្ទើរតែអាចរកបានគ្រាប់បាល់បញ្ចូលទីនៅថ្ងៃនៃការចូលលេងជាលើកដំបូងរបស់គេទៅហើយ នៅពេលដែលរូបគេបានលោតតែតបាល់សំដៅទីយ៉ាងល្អ នៅមុនពេលរូបគេត្រូវបានជំនួសដោយកីឡាករ Alex Oxlade-Chamberlain នៅនាទី ទី៧០។ ទាក់ទងនឹងខ្សែប្រយុទ្ធថ្មីរបស់លោក លោក Klopp បានឲ្យដឹងថា៖ «រូបគេបានបង្ហាញពីទម្រង់លេងយ៉ាងលេចធ្លោ។
ពិតណាស់ រូបគេជាកីឡាករដែលយើងចង់បាន ជាកីឡាករដែលយើងប្រាថ្នាចង់បាន»។ លោកបានប្រាប់បន្តថា៖ «ជាការប្រកួតទី១របស់អ្នកក្នុងក្រុមមួយដែលអ្នកមិនស្គាល់។ បើទោះបីវាជាក្រុមមួយដែលអ្នកស្គាល់ វាលំបាករួចស្រេចទៅហើយ។ នេះជាក្រុមដែលយើងបានប្រើប្រាស់ច្រើន ឬតិចនៅលើទីលាន ដោយមានការហ្វឹកហាត់ជាមួយគ្នាត្រឹមតែ២លើកគត់»។ លោក Klopp បានបន្ថែមទៀតថា៖ «បន្ទាប់មក ការបង្ហាញពីការយល់ច្បាស់ពីការប្រកួតបែបនេះ វាពិតជាអស្ចារ្យណាស់។ រូបគេមានទេពកោសល្យក្នុងកីឡាបាល់ទាត់ដ៏អស្ចារ្យ»៕
ប្រភពព័ត៌មាន៖ Channel news Asia