វិរៈបុរសអ្នកចាំទីបាល់ទាត់ដ៏ល្បីរបស់ Bayern Munich កាលពីជិត ២០ឆ្នាំមុន Oliver Kahn បានទទួលតំណែងមួយជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិក្លិប។ អតីតអ្នកចាំទីជំរើសជាតិអាល្លឺម៉ង់ Kahn ត្រូវបានតែងតាំងនៅខែសីហា និងចូលកាន់តំណែងចាប់ពីថ្ងៃទី១ ខែមករា។
លោកគ្រោងនឹងស្នងតំណែងលោក Karl-Heinz Rummenigge ជាប្រធានក្លឹបជើងឯកអាល្លឺម៉ង់នោះនៅចុងឆ្នាំ២០២១។ បុរសវ័យ ៥០ឆ្នាំរូបនេះធ្លាប់បង្ហាញខ្លួនបានចំនួន ៦៣២ប្រកួតអំឡុងពេល ១៤ឆ្នាំជាមួយ Bayern Munich ដោយបានឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ដង និងUEFA Champions League នៅឆ្នាំ២០០១។
លោកក៏បានសំរេចចិត្តចូលនិវត្តន៍នៅឆ្នាំ២០០៨។ ក្រោយមកអតីតប្រធានក្រុមជម្រើសជាតិអាឡឺម៉ង់ ក៏បានបង្កើតមូលនិធិ Oliver Kahn ដើម្បីគាំទ្រដល់យុវជនដែលជួបការលំបាកក្នុងសង្គម៕