ខ្សែប្រយុទ្ធ Gabriel Jesus បានបន្តកំណត់ត្រាដ៏គួរឲ្យកត់សម្គាល់របស់គេក្នុងពេលប្រកួតជាមួយនឹងក្រុម Everton ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី២របស់តារាឆ្នើមនៃក្រុម Manchester City រូបនេះ បានជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ២-១ កាលពីថ្ងៃពុធ។

Jesus ត្រូវបានដាក់ឲ្យលេងក្នុងជម្រើសទាំង១១នាក់ដំបូង ខណៈដែលលោក Pep Guardiola គ្រូបង្វឹករបស់ Man City មិនបានប្រើប្រាស់ខ្សែប្រយុទ្ធ Sergio Aguero ឡើយ ប៉ុន្តែ ការសម្រេចចិត្តក្នុងការជ្រើសរើសយកខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានផ្តល់ផលតបស្នងជាទីគាប់ចិត្ត។ ដើម្បីតបស្នងដល់ការជឿជាក់របស់អ្នកចាត់ការទូទៅខ្លួន Jesus បានទម្លុះតំបន់ការពាររបស់ក្រុម Everton ម្តងទៀត។

បច្ចុប្បន្ន រូបគេបានស៊ុតបាល់បញ្ចូលទី៧គ្រាប់ ក្នុងការបង្ហាញខ្លួន៥លើក ពេលជួបជាមួយនឹងក្រុម Everton ដែលគួរតែខកចិត្តដោយសារតែរូបគេ។ Man City នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅលើតារាង Premier League ក្រោយពីការដណ្តើមបានជ័យជម្នះ២លើកជាប់ៗគ្នា បានធ្វើឲ្យពួកគេមាន១១ពិន្ទុ តាមពីក្រោយក្រុម Liverpool ដែលនៅសល់២ប្រកួតក្នុងដៃ។

ជាមួយគ្នានេះ លោក David Moyes បានជួបការចាប់ផ្តើមយ៉ាងល្អឥតខ្ចោះ ក្នុងនាមជាគ្រូបង្វឹករបស់ West Ham ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ពី Mark Noble និងម្នាក់១គ្រាប់ពី Felipe Anderson និង Sebastien Haller បានជួយឲ្យក្រុមញញួរធំ យកឈ្នះ ៤-០ លើក្រុម Bournemouth៕