ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic នឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ក្លិប AC Milan នៅថ្ងៃទី៣ ខែមករា។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃច័ន្ទ។

Ibrahimovic វិលទៅកាន់ក្លិបនេះវិញក្នុងកិច្ចសន្យារយៈពេល៦ខែ ដោយសន្យាថា នឹងជួយសង្គ្រោះក្លិប AC Milan របស់ក្របខ័ណ្ឌ Serie A នៅរដូវកាល។ តារាឆ្នើមជើងចាស់វ័យ៣៨ឆ្នាំរូបនេះ នឹងត្រូវទទួលការត្រួតពិនិត្យសុខភាព នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ហើយនិងត្រូវធ្វើសន្និសីទសារព័ត៌មានជាលើកទី១របស់គេ បន្ទាប់ពីថ្ងដដែលនោះ។

ក្លិប AC Milan បានឲ្យដឹងថា៖ «ក្លិប AC Milan សូមប្រកាសថា សន្និសីទសារព័ត៌មានរបស់ Zlatan Ibrahimovic គ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី៣ ខែមករា នៅឯទីលាន Casa Milan នៅម៉ោង១០ព្រឹក (ម៉ោងក្នុងស្រុក)»។ កិច្ចសន្យារយៈពេល៦ខែមួយនេះ ត្រូវបានព័ត៌មានចេញផ្សាយថា មានតម្លៃស្មើនឹង៣,៥លលានអឺរ៉ូ (ស្មើនឹង៣,៩លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗ និងជម្រើសក្នុងការបន្តរយៈពេល១ឆ្នាំទៀត។

វានឹងធ្វើឲ្យ Ibrahimovic ចូលរួមជាមួយនឹងក្លិប AC Milan ជាលើកទី២ ក្នុងរយៈពេល៧ឆ្នាំ ក្រោយពីរូបគេបានចាកចេញទៅកាន់ក្លិប Paris Saint-Germain។ រូបគេបានលេងឲ្យក្លិប AC Milan ចាប់ពីរដូវកាលឆ្នាំ២០១០ ដល់ឆ្នាំ២០១២ ដោយបានស៊ុតបាល់បញ្ចូលទី៥៦គ្រាប់ ក្នុងការបង្ហាញខ្លួន៨៥លើក និងបានជួយឲ្យក្លិបនេះ ឈ្នះពានក្របខ័ណ្ឌលីកជាលើកទី១៨របស់ខ្លួន និងជាលើកចុងក្រោយរបស់ពួកគេ ក្នុងឆ្នាំ២០១១៕

ប្រភពព័ត៌មាន៖ Channel News Asia