ក្រុម Liverpool បានត្រូវការជំនួយពីប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលហៅកាត់ថា VAR ដើម្បីរក្សាការនាំមុខ១៣ពិន្ទុរបស់ពួកគេ នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីបានកត់ត្រាជ័យជម្នះ ១-០ លើក្រុម Wolves កាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុម Chelsea បានវាយបកនៅជិតបញ្ចប់ការប្រកួតដើម្បីកត់ត្រាជ័យជម្នះ ២-១ លើក្រុម Arsenal ក្នុងការប្រកួតលើទឹកដីខ្លួនឯងជាលើកទី១របស់លោក Mikel Arteta ក្នុងនាមជាគ្រូបង្វឹក។

Manchester City នៅតែរក្សាការដេញតាមពីក្រោយ១៤ពិន្ទុ ប៉ុន្តែ បានកាត់បន្ថយគម្លាតនៃការតាមពីក្រោយក្រុមឈរលេខ២ Leicester ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី២ពីសំណាក់ Sergio Aguero និងKevin de Bruyne បានជួយឲ្យពួកគេផ្តួលក្រុម Sheffield United ក្នុងលទ្ធផល ២-០។

ខ្សែបម្រើស្លាប Sadio Mane បានស៊ុតបាល់បញ្ចូលទីដ៏ចម្រូងចម្រាស់ ក្នុងការប្រកួតនាកីឡដ្ឋាន Anfield ខណៈដែលក្រុម Liverpool បានបន្តកំណត់ត្រាមិនស្គាល់ចាញ់របស់ពួកគេលើទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌលីក រហូតដល់ទៅ៥០ប្រកួត។ លោក Jurgen Klopp គ្រូបង្វឹករបស់ Liverpool បានឲ្យដឹងថា៖ «វាជាការប្រកួតដ៏តានតឹងមួយ និងត្រឹមត្រូវផងដែរ។

យើងលេងដោយការប្រថុយប្រឋានខ្លាំង និងព្យាយាមដណ្តើមយកជ័យជម្នះ និងលេងឲ្យបានល្អតាមដែលអាច»។ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅរយៈពេល៣នាទីចុងក្រោយនៃរង់ទី១ របស់ Mane ដំបូងឡើយត្រូវបានលុបចោលដោយសារតែបាល់ប៉ះដៃរបស់ Adam Lallana នៅមុនពេលការស៊ុតបាល់បញ្ចូលទី ប៉ុន្តែ ការត្រួតពិនិត្យឡើងវិញដោយ VAR បានលុបចោលការសម្រេចចិត្តលើទីលានរបស់លោកអាជ្ញាកណ្តាល Anthony Taylor៕

ប្រភពព័ត៌មាន៖ Channel News Asia