ក្លឹបនៅលីគកំពូលប្រទេសកាតា គឺ Al-Duhail បានបញ្ជាក់ ពីការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Mario Mandzukic ពីក្លឹប Juventus ជាផ្លូវការណ៏ហើយ។
អតីតកីឡាករក្រុម Bayern Munich រូបនេះមិនស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកចាត់ការទូទៅ Maurizio Sarri នោះទេនិងជាចំណែកលើសបន្ទាប់ពីគ្រូបង្វឹក សញ្ជាតិអ៊ីតាលីផ្លាស់មកដឹកនាំក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីនមួយនេះហើយរូបគេមិនបានជាប់ក្នុងជម្រើសកីឡាករដែលត្រូវប្រកួតពានរង្វាន់ Champion League នោះថែមទៀត។
Mandzukic សញ្ជាតិក្រូអាស៊ីបានឈ្នះពានរង្វាន់ Serie A ចំនួនបួនដងនិងពានរង្វាន់ Coppa Italia ចំនួន ៣ លើកក្នុងកំឡុងពេល ៤ ឆ្នាំកន្លះកំលុងពេលរួមសុខរួមទុក្ខជាមួយ Juventus ។ បិសាចក្រហម Manchester United ធ្លាប់បានទំនាក់ទំនងកីឡាករវ័យ ៣៣ ឆ្នាំរូបនេះផងដែរ ប៉ុន្តែទីបំផុតរូបគេបានសម្រេចចិត្តផ្លាស់ទៅកាន់ប្រទេសកាតាដើម្បីបន្តអាជីពរបស់ខ្លួន។
សម្រាប់ Juventus មិនបានប្រកាសពីការចាកចេញរបស់ Mandzukic ភ្លាមៗនោះទេ ស្របពេលក្លឹប Al-Duhail បានផូសរូបភាព និងការចុះកុងត្រារបស់ Mandzukic ខណៈដែលព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។