ក្លិបអ្នកមាននៅបារាំង Paris Saint-Germain រកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតសប្ដាហ៍ទី១៨ ក្នុងក្របខណ្ឌ Ligue1 ក្រោយយកឈ្នះក្រុមភ្ញៀវ Amiens ក្នុងលទ្ធផល ៤ទល់នឹង១។

៤គ្រាប់របស់ PSG រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ២គ្រាប់ ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃជាងគេលើលោក Neymar ១គ្រាប់ និងខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi ១គ្រាប់។ ចំណែកឯមួយគ្រាប់របស់ Amiens ធ្វើបានដោយកីឡាករ Stiven Mendoza។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គ្រាប់ទីមួយរបស់ PSG ដែលធ្វើបានដោយ Mbappe គឺគេបានរត់ទៅយកបាល់ពីពាក់កណ្ដាលតារាងយ៉ាងលឿន និងបញ្ចប់ទីបានយ៉ាងល្អ បន្ទាប់ពីការបញ្ជូនបាល់វែងរបស់រៀមច្បង Neymar។

ក្រោយយកបាន ៣ពិន្ទុពីការប្រកួតនោះ PSG បានបន្តឈរនៅចំណាត់ថ្នាក់លេខ១ ដោយលេង១៨ប្រកួត ឈ្នះ១៥ មិនដែលស្មើ និងចាញ់៣ មាន៤៥ពិន្ទុ ដាច់ពិន្ទុពីក្រុមលេខ២ដល់ទៅ៧ពិន្ទុ និងចំណេញ១ប្រកួត ដោយ Marseille លេង១៩ប្រកួត ឈរនៅលេខ២ មាន៣៨ពិន្ទុ៕ ចង់ឃើញថា Neymar និង Mbappe សហការគ្នាបានល្អយ៉ាងណាកាលពីយប់មិញ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖