អតីតខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Wayne Rooney ជឿជាក់ថាគាត់នៅតែមានសមត្ថភាពគ្រប់គ្រាន់លេងនៅក្របខណ្ឌ Premier League និងសង្ឃឹមអាចនាំក្រុម Derby Country មកកាន់កម្រិតកំពូលនៃបាល់ទាត់អង់គ្លេសវិញនាពេលអនាគត។
Rooney វ័យ៣៤ឆ្នាំបាននិយាយក្នុងកម្មវិធីរបស់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំអាចធ្វើវាបាន ពេលដែលខ្ញុំនៅ Everton។ ហើយឥឡូវនេះមហិច្ឆតារបស់ខ្ញុំគឺចង់ជួយឲ្យ Derby ត្រឡប់មកលេងនៅ Premier League វិញ ហើយសង្ឃឹមថាខ្ញុំនឹងជាផ្នែកមួយសំខាន់សម្រាប់ពួកគេ។”
Rooney បានបន្តទៀតថា៖
“Ryan Giggs អាចលេងនៅ Premier League បានដល់វ័យ៣០ក្រាស់ ចំណែកឯ Gareth Barry និយាយថាចង់ធ្វើវារហូតដល់អាយុ៤០ឆ្នាំ ដូច្នេះអ្វីដែលសំខាន់គឺយល់ពីបាល់ទាត់។ បាល់ទាត់មិនមែនគ្រាន់តែជាការរត់ជុំវិញតារាងនោះទេ។ វាជាការប្រើក្បាលរបស់អ្នកមកគិតដើម្បីធ្វើការប្រកួត។”
គួររម្លឹកផងដែរថា មុនពេលផ្លាស់ទៅលេងនៅលីគកំពូលអាមេរិកជាមួយនឹងក្លិប D.C United កីឡាករ Wayne Rooney បានចំណាយពេល១៦ឆ្នាំលេងនៅ Premier League ដោយធ្លាប់លេងឲ្យក្លិប Everton និងក្លិប Manchester United ដោយបង្ហាញខ្លួនសរុបក្នុងលីគកំពូលអង់គ្លេសបានចំនួន ៤៩១ប្រកួត ស៊ុតបញ្ចូលទីបាន ២០៨គ្រាប់៕
ប្រភព៖ Bleacherreport Credit: Khmerlaod