ក្រុម Liverpool កំពុងតែស្ថិតក្នុងទីក្រុងដូហា ដើម្បីត្រៀមសម្រាប់ការប្រកួតពាន Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ ជាមួយនឹងក្រុម Monterrey របស់ម៉ិកស៊ិក ប៉ុន្តែ នៅមុនពេលការប្រកួតនោះលោក Jurgen Klopp នឹងត្រូវធ្វើការត្រួតពិនិត្យមើលគូប្រកួតដែលត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលលោកក៏ត្រូវតាមដានការប្រកួតរបស់ក្រុមជម្រើសទី២របស់ Liverpool ក្នុងពាន League Cup នៅរាត្រីនេះផងដែរ។

ក្រុមកំពុងនាំមុខលើតារាងក្របខ័ណ្ឌ Premier League កំពុងតែស្ថិតក្នុងដំណាក់កាលដ៏ចម្លែក ដោយត្រូវលេងការប្រកួត២លើកក្នុងរយៈពេល២ថ្ងៃ ក្នុងទ្វីប២ផ្សេងគ្នា ដោយមានចម្ងាយជិត៧០០០គីឡូម៉ែត្រពីគ្នា ស្របពេលដែល ការប្រកួតពាន League Cup វគ្គ៨ក្រុមចុងក្រោយនៅលើទឹកដីក្រុម Aston Villa នឹងត្រូវប្រព្រឹត្តទៅនៅមុនពេលជួបជាមួយនឹងក្រុម Monterrey ម្ចាស់ជើងឯកប្រចាំតំបន់ CONCACAF ក្នុងប្រទេសកាតា នៅល្ងាចថ្ងៃពុធ។

លោក Neil Critchley គ្រូបង្វឹកក្រុមអាយុក្រោម២៣ឆ្នាំ នឹងត្រូវដឹកនាំក្រុមយុវជនរបស់ Liverpool ក្នុងពេលប្រកួតជាមួយនឹងក្រុម Aston Villa ស្របពេលដែលលោក Klopp និងតារាឆ្នើមៗទាំងអស់របស់លោក បានធ្វើដំណើរទៅដល់ទីក្រុងដូហា កាលពីថ្ងៃអាទិត្យ ដោយសម្លឹងរកការបញ្ចប់ឆ្នាំដ៏ល្អមួយតាមរយៈការឈ្នះពាន Club World Cup ជាលើកដំបូង។

ក្រុមជើងខ្លាំងរបស់ប្រេស៊ីល Flamengo ដែលជាម្ចាស់ជើងពាន Copa Libertadores នឹងត្រូវប៉ះក្រុមម្ចាស់ជើងឯកប្រចាំអាស៊ី Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Khalifa International ក្នុងទីក្រុងដូហា នៅរាត្រីនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia