លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកួត Clasico ជាមួយនឹងក្រុម Real Madrid នៅសប្តាហ៍ក្រោយ នឹងមិនត្រូវពន្យារពេលម្តងទៀតឡើយ ស្របពេលដែលមានការព្រួយបារម្ភផ្សេងៗជាថ្មីទៅលើភាពរំជើងរំជួល ជុំវិញការប្រកួតនេះ។
ក្រុមអ្នកតវ៉ាជាច្រើនមកពីចលនាផ្តាច់ខ្លួនរបស់តំបន់ Catalonia ឈ្មោះថា Democratic Tsunami បានអំពាវនាវឲ្យមានការតវ៉ាយ៉ាងខ្លាំងក្លា នៅខាងក្រៅកីឡដ្ឋាន Camp Nou ដែលជាកន្លែងក្រុម Barcelona នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ La Liga នៅថ្ងៃទី១៨ ខែធ្នូ។
ដំបូងឡើយ ការប្រកួតដ៏មានកិត្យានុភាពមួយនេះ ត្រូវបានគ្រោងរៀបចំឡើងនៅថ្ងៃទី២៦ ខែតុលា ប៉ុន្តែ ត្រូវបានពន្យារពេលវិញ បន្ទាប់ពីការធ្វើបាតុកម្មគាំទ្រការទាមទារឯករាជ្យក្នុងទីក្រុងនេះ។ លោក Bartomeu បាននិយាយក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង Barcelona ថា៖ «ខ្ញុំអាចនិយាយបានថា ការប្រកួត Clasico នឹងត្រូវរៀបចំឡើង ដោយវានឹងមិនត្រូវពន្យារពេលទៀតឡើយ។ វាជាការទទួលខុសត្រូវរបស់គ្រប់គ្នាក្នុងការធ្វើឲ្យប្រាកដថា វាមានដំណើរការទៅមុខ។
យើងដឹងថា យើងរស់នៅក្នុងដំណាក់កាលដ៏ស្មុគស្មាញបំផុតនៅ Catalonia ប៉ុន្តែ អាចនឹងមានសាមគ្គីភាពជាមួយនឹងកីឡា»។ លោកបានបន្ថែមទៀតថា៖ «កីឡដ្ឋានរបស់យើងគឺជាកន្លែងមួយសម្រាប់ការបង្ហាញពីអារម្មណ៍ដោយសេរី ហើយនោះគឺជាមូលហេតុដែលយើងចង់ផ្ញើរសារមួយឲ្យរក្សាសភាពធម្មតា និងស្ងប់អារម្មណ៍»៕
ប្រភពព័ត៌មាន៖ Channel News Asia