គ្រូបង្វឹកអាហ្សង់ទីនលោក Lionel Scaloni សង្ឃឹមថា Copa América ឆ្នាំ ២០២០ នឹងមិនក្លាយជាព្រឹត្តការណ៏បង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់ជម្រើសជាតិរបស់កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ទេ។ អ្នកចាត់ការទូទៅវ័យ៤១ ឆ្នាំ Scaloni បន្ថែមថារូបលោកចង់ឃើញខ្សែប្រយុទ្ធចាស់វស្សារបស់ FC Barcelona រូបនេះជោគជ័យជាមួយជម្រើសជាតិអាហ្សង់ទីនសម្រាប់ព្រឹត្តការណ៏ដ៏អស្ចារ្យ នៅតំបន់អាមេរិកខាងត្បូងមួយនេះ ។

អតីតខ្សែបម្រើស្លាបក្រុម Atlanta បន្ថែមថាៈ ការប្រកួតដំបូងជាការចាប់ផ្តើមដ៏ល្អ។ ព្រោះតែលើកដំបូងគឺយើងត្រូវធ្វើអោយល្អបំផុត សម្រាប់ឈីលីធ្លាប់មានប្រវត្តិ និងផ្តល់ផលលំបាកសម្រាប់អាហ្សង់ទីននាព្រឹត្តការណ៏ Copa America កន្លងមក។តែការពិតយើងរឹងមាំជាងមុន ហើយនិង ខិតខំធ្វើអោយប្រសើរឡើងនាពេលខាងមុខបន្តទៀត ។

ប្រទេសអាហ្សង់ទីននឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយកូឡុំប៊ីបើកការប្រកួត Copa America នៅឆ្នាំក្រោយ ជាមួយឈីលីនៅ El Monumental នៅថ្ងៃទី ១២ ខែមិថុនាខាងមុខ។អាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ Copa ចុងក្រោយក្នុងឆ្នាំ ១៩៩៣ ក៏នឹងត្រូវជួបជាមួយអ៊ុយរូហ្គាយប៉ារ៉ាហ្គាយអូស្រ្តាលីនិងបូលីវីក្នុងពូល A ផងដែរបន្ទាប់ពីពួកគេបានបើកការប្រកួតជាមួយឈីលី។