ខ្សែប្រយុទ្ធ Harry Kane ចង់បង្កើតទំនាក់ទំនងដ៏រឹងមាំមួយជាមួយនឹងអ្នកចាត់ការទូទៅថ្មីលោក Jose Mourinho ខណៈដែលការមានទំនាក់ទំនងដ៏រឹងមាំនេះ នឹងជួយឲ្យក្រុម Tottenham ឡើងទៅកាន់១កម្រិតទៀត។

Kane ដែលគ្រាប់បាល់ទាំង២គ្រាប់របស់គេក្នុងពេលដណ្តើមបានជ័យជម្នះ ៤-២ លើក្រុម Olympiakos បានជួយឲ្យក្រុមខ្លួនឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនោះ ធ្លាប់ជាអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់ទៅលើអតីតគ្រូបង្វឹកលោក Mauricio Pochettino ប៉ុន្តែ រូបគេដឹងថា Mourinho អាចនឹងក្លាយជាគ្រូបង្វឹកដែលជួយឲ្យរូបគេឈ្នះពាននៅឯក្លិប Spurs។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ មានកំណត់ត្រានៃការមានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងខ្សែប្រយុទ្ធជាច្រើន ខណៈដែល Didier Droba, Zlatan Ibrahimovic និង Diego Costa សុទ្ធសឹងបានអភិវឌ្ឍខ្លួនក្រោមការដឹកនាំបស់លោក ហើយ Kane ចង់បន្ថែមឈ្មោះរបស់គេចូលក្នុងបញ្ជីនោះ។

Kane ដែលបានក្លាយជាកីឡាកររកបានគ្រាប់បាល់សរុបចំនួន២០គ្រាប់ ក្នុងក្របខ័ណ្ឌ Champions League លឿនជាងគេបំផុត នោះ បាននិយាយថា៖ «ទើបតែចាប់ផ្តើមប៉ុណ្ណោះ យើងមានទំនាក់ទំនងដ៏ល្អមកទល់ពេលនេះ។ យើងជជែកគ្នា យើងព្យាយាម និងជួយដល់ក្រុមនេះ»។

តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «ពិតណាស់ ក្នុងនាមខ្ញុំជាកីឡាករម្នាក់ក្នុងចំណោមកីឡាករលេចធ្លោជាងគេ ក្នុងក្រុមនេះ គាត់ជំរុញឲ្យខ្ញុំជួយដល់ផ្តល់ដំបូន្មានដល់ក្រុម។ នៅពេលដែលអ្នកឈ្នះការប្រកួត វាពិតជាជួយដល់ទំនាក់ទំនងរបស់អ្នក។ ជាការរំពឹងទុក យើងអាចបង្កើតទំនាក់ទំនងដ៏រឹងមាំមួយ»៕

ប្រភពព័ត៌មាន៖ Channel News Asia