បើយោងទៅតាមខ្សែការពារ Andy Robertson ដែលជាមិត្តរួមក្រុមនៅក្លិប Liverpool ខ្សែប្រយុទ្ធ Sadio Mane «បានធ្វើឲ្យសមត្ថភាពរបស់គេឈានដល់១កម្រិតទៀត» ក្រោយពីបានចាប់ដៃគូរជាមួយនឹងតារាឆ្នើម Mohamed Salah ដើម្បីក្លាយជាកីឡាករដ៏សំខាន់ នៅកីឡដ្ឋាន Anfield។
កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះ ចូលរួមជាមួយនឹងខ្សែប្រយុទ្ធ Salah និង Roberto Firmino ក្នុងនាមជាខ្សែប្រយុទ្ធប្រកបដោយភាពមុតស្រួចបំផុតទាំង៣របស់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Liverpool ។
ប៉ុន្តែនៅឆ្នាំនេះ Mane គឺជាកីឡាករលេចធ្លោជាងគេរបស់ Liverpool ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គេ នាកីឡដ្ឋាន Selhurst Park កាលពីចុងសប្តាហ៍មុន គឺជាគ្រាប់បាល់ទី១២ នៃយុទ្ធនាការនេះ និងជាគ្រាប់បាល់ទី២៩ របស់គេសម្រាប់ក្លិប Liverpool រយៈពេល១ឆ្នាំពេញ។ Mane ធ្វើឲ្យខ្សែការពារមានការភ័យខ្លាច ជាមួយនឹងល្បឿន និងទេពកោលសល្យគ្រប់គ្រងបាល់របស់គេ ហើយសមត្ថភាពរកគ្រាប់បាល់របស់គេបានជួយកាត់បន្ថយបន្ទុកផ្សេងៗនៅលើស្មាររបស់ Salah។
ខ្សែការពារ Robertson របស់ Liverpool បានកោតសរសើរ Mane បន្ទាប់ពីការរកគ្រាប់បាល់របស់គេក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះក្នុងលទ្ធផល ២-១ លើក្រុម Crystal Palace ដើម្បីរក្សាធ្វើឲ្យក្រុម Liverpool នាំមុខ៨ពិន្ទុដាច់លើក្រុមឈរលេខ២ Leicester ក្នុងក្របខ័ណ្ឌ Premier League។ នៅរាត្រីនេះ រូបគេនឹងហ្វឹកហាត់ដោយផ្តោតលើការប្រកួតជាមួយនឹងក្រុម Napoli ក្នុងក្របខ័ណ្ឌ Champions League ខណៈដែលការដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យក្រុម Liverpool មានសុវត្ថិភាពក្នុងការដណ្តើមបានចំណាត់ថ្នាក់លេខ១ក្នុងពូល៕
ប្រភពព័ត៌មាន៖ Channel News Asia