ក្រុម Tottenham Hotspur បានវាយបកដេញតាមពីក្រោយ២គ្រាប់ ដើម្បីផ្តួលក្រុម Olympiakos ក្នុងលទ្ធផល ៤-២ និងដើម្បីឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃនៃការបង្ហាញមុខជាលើកទី១របស់លោក Jose Mourinho លើទឹកដីខ្លួនឯង កាលពីថ្ងៃអង្គារ ស្របពេលដែលខ្សែប្រយុទ្ធ Robert Lewandowski បានបន្តរដូវកាលដ៏គួរឲ្យកត់សម្គាល់របស់គេ តាមរយៈការស៊ុតបាល់បញ្ចូលទី៤គ្រាប់ឲ្យក្រុម Bayern Munich។

Spurs បានក្លាយជាក្រុមមួយក្នុងចំណោមក្រុមចំនួន៣ ដែលបានឈ្នះកៅអីទៅរបស់ពួកគេទៅកាន់វគ្គបន្ត ខណៈនៅសល់១ប្រកួតក្នុងដៃ ហើយ​ Manchester City និង Real Madrid ក៏បានឈ្នះកៅអីទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ។

លោក Mourinho បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «កីឡាករទាំងនេះ បានប្រឹងអស់ពីសមត្ថភាព ខ្ញុំពិតជាមានអារម្មណ៍ល្អណាស់ ហើយយើងមានការប្រកួតដ៏លំបាកជាច្រើននៅចំពោះមុខ។ យើងអាចសម្លឹងឆ្ពោះទៅកាន់ការប្រកួតជាមួយនឹងក្រុម Bayern Munich ជាមួយនឹងអារម្មណ៍ផ្សេងគ្នា»។

Tottenham នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល B បន្ទាប់ពីក្រុម Bayern ដែលបានកត់ត្រាជ័យជម្នះ៥លើក ពីការប្រកួតទាំង៥លើក ក្នុងក្របខ័ណ្ឌអឺរ៉ុប នារដូវកាលនេះ ខណៈដែល Lewandowski រកបាន៤គ្រាប់ដើម្បីជួយឲ្យក្រុមខ្លួនយកឈ្នះ ៦-០ នៅលើទឹកដីក្រុម Red Star។ Lewandowski បានស៊ុតបាល់បញ្ចូលទី៤គ្រាប់នៅចន្លោះពេល១៦នាទីក្នុងតង់ទី២ ពោលគឺចន្លោះគ្រាប់បាល់របស់ Leon Goretzka និង Corentin Tolisso៕

ប្រភពព័ត៌មាន៖ Channel news Asia