លោក Zinedine Zidane បានបញ្ជាក់ថា ក្រុម Real Madrid របស់លោក នឹងមិនសម្លឹងរកការសងសឹក នៅពេលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីនេះឡើយ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ ក្នុងប្រទេសបារាំង កាលពីជុំមុន ក្នុងវគ្គចែកពូលនេះ។

សម្ពាធផ្សេងៗបានកើតឡើងលើលោក Zidane ក្រោយពីការរងបរាជ័យនោះនៅកីឡដ្ឋាន Parc des Princes កាលពីខែកញ្ញា ប៉ុន្តែ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុប១៣សម័យកាលមួយនេះ បានផ្លាស់ប្តូរជោគវាសនារបស់ខ្លួនចាប់តាំងពីពេលនោះមក និងកំពុងតែដេញតាមពីក្រោយក្រុម Barcelona យ៉ាងប្រកៀក នៅលើតារាងក្របខ័ណ្ឌ La Liga។

Real អាចចូលរួមជាមួយនឹងក្រុម PSG ក្នុងការឈ្នះកៅអីទៅលេងក្នុងវគ្គ១៦ក្រុមចុងក្រោយ តាមរយៈការដណ្តើមបានជ័យជម្នះនាកីឡដ្ឋាន Santiago Bernabeu ឬក៏ក្រុម Club Brugge មិនអាចយកឈ្នះលើក្រុម Galatasaray ក្នុងការប្រកួតពូល A មួយគូផ្សេងទៀត។ លោក Zidane បាននិយាយកាលពីថ្ងៃចន្ទថា៖ «យើងមិនមែនកំពុងតែសម្លឹងរកការសងសឹក ក្រោយពីអ្វីដែលបានកើតឡើងកាលពីការប្រកួតជុំបើកឆាកនៃពូលនេះ ឡើយ។ ប៉ុន្តែ យើងចង់លេងការប្រកួតដ៏ល្អមួយ និងរក្សាទម្រង់លេងដ៏ល្អរបស់យើង»។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្ថែមទៀតថា៖ «វាជាប្រភេទនៃការប្រកួតដែលអ្នកត្រូវតែបង្ហាញថា អ្នកកំពុងស្ថិតក្នុងទម្រង់លេងល្អ។ យើងចង់ឈ្នះ ពីព្រោះយើងលេងលើទឹកដីខ្លួនឯង ហើយយើងលេងលេងបាល់ទាត់ដ៏ល្អ។ ខ្ញុំចង់ឃើញក្រុមរបស់ខ្ញុំលេងក្នុងកម្រិតខ្លាំងបំផុតរបស់ពួកគេ ក្នុងរយៈពេល៩០នាទីពេញ»៕

ប្រភពព័ត៌មាន៖ Channel News Asia