ក្រុម Manchester United និង Sheffield United បានជួបការភិតភ័យដូចគ្នា ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ នាកីឡដ្ឋាន Bramall Lane កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមម្ចាស់ផ្ទះ បានវាយរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់ការប្រកួត បន្ទាប់ពីរបូតគ្រាប់បាល់៣គ្រាប់នៅចន្លោះពេលត្រឹមតែ៧នាទី។

ក្រុមរបស់លោក Ole Gunnar Solskjaer ដែលហាក់ស្ថិតក្រោមការគ្រប់គ្រងស្ទើរតែទាំងស្រុងពីក្រុមម្ចាស់ផ្ទះនៅរយៈពេល៧០នាទីនោះ បានដេញតាមពីក្រោយ ២-០ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ពីសំណាក់កីឡាករ John Fleck និងគ្រាប់បាល់នៅតង់ទី២ពី Lys Mousset។ ក្រុមរស់លោក Chris Wilder ពិតជាបានបង្ហាញពីភាពស្រេកឃ្លាន និងបានវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែ Man United បានវាយបកក្នុងការប្រកួតនេះវិញ នៅពេលដែលខ្សែប្រយុទ្ធ Brandon Williams វ័យ១៩ឆ្នាំ បានរកគ្រាប់បាល់១គ្រាប់វិញនៅនាទី ទី៧២។

Man United បានលេងប្រកបដោយការជឿជាក់ភ្លាមៗ ហើយបានធ្វើការគ្រប់គ្រងការប្រកួតនេះវិញ។ លោក Solskjaer បានដាក់កីឡាករ Mason Greenwood ចូលលេងជំនួសកន្លែងរបស់ Andreas Pereira ដែលមានន័យថា ពួកគេបានប្រើប្រាស់ខ្សែប្រយុទ្ធដល់ទៅ៤នាក់ដែលរួមមាន Greenwood, Marcus Rashford, Anthony Martial និង Daniel James។

ត្រឹមតែរយៈពេល៥នាទី បន្ទាប់ពីគ្រាប់បាល់របស់ Williams កីឡាករ Greenwood បានរកគ្រាប់បាល់តាមស្មើ ក្រោយពីការបញ្ជូនបាល់របស់ Rashford។ ខណៈដែលក្រុមម្ចាស់ផ្ទះហាក់ដូចជារង្គោះរង្គើ Man United បានបើកការវាយសម្រុកម្តងទៀត ហើយ Rashford រកបានគ្រាប់បាល់បញ្ចូលទីតែម្តង។ ប៉ុន្តែ ភាពរំភើបមិនបានបញ្ចប់ឡើយ ខណៈដែល Oliver McBurnie បានគ្រប់គ្រងបាល់យ៉ាងល្អនិងបានស៊ុតបាល់ផុតដៃអ្នកដៃទី David de Gea ដើម្បីតាមស្មើក្នុងលទ្ធផល ៣-៣៕

ប្រភពព័ត៌មាន៖ Channel News Asia