(ក្រុងឡុងដ៍)៖ Gareth Bale រកបាន ៣គ្រាប់ម្នាក់ឯង (hat trick) ក្នុងជំនួបដែល Tottenham Hotspur បានលត់គូប្រជែង Sheffield United ដែលកាត់ចេញពី Premier League រដូវកាលនេះក្នុងលទ្ធផល ៤-០ ក្នុងសប្តាហ៍ទី៣៤ ជើងទី២។

៣គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យប្រធានក្រុមជម្រើសជាតិវ៉េលខាងលើនេះ កើនបាន ៥១គ្រាប់ក្នុងលីគកំពូលអង់គ្លេសទាំង ២លើកមកនេះ ក្រោយផ្ទេរជាលក្ខណៈខ្ចីជើងពីក្លិបអេស្ប៉ាញ Real Madrid។ Bale បានក្លាយជាកីឡាករអន្តរជាតិវ៉េលដំបូងគេដែលរកបានលើសពី ៥០គ្រាប់នៅ Premier League វ៉ាកំណត់ត្រាអតីតមិត្តរួមជាតិ Craig Bellamy ដែលរកបាន ៥០គ្រាប់កាលឆ្នាំ២០០៦។

ចំណែកឯក្រុមភ្ញៀវ Sheffield United ដែលបានប្រកាសពីការធ្លាក់ចេញពី Premier League តាំងពីថ្ងៃទី១៧ ខែមេសានោះ បានបន្តចាញ់ជាលើកទី២៧ របស់ពួកគេទៀត ក្រៅពីស្មើ ២ដង និងឈ្នះតែ ៥ដងគត់ក្នុងចំណោម ៣៤ប្រកួតរបស់ពួកគេ មុនបន្តទៅលេងក្របខណ្ឌទី២ Championship វិញក្នុងរដូវកាលឆ្នាំ២០២១-២០២២។​ លោក Mason Ryan អ្នកចាត់ការទូទៅក្លិបមាន់ខ្នាយមាសបានថ្លែងក្រោយចប់ការប្រកួតថា «ខ្ញុំតែងតែនិយាយថា Bale នៅតែជាកីឡាករដែល Spurs មិនអាចខ្វះបាន»។ តាមរយៈលទ្ធផលនេះដែរ បានធ្វើឲ្យ Tottenham ឡើងមកឈរលេខ៥ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្នវិញ ដោយបន្តដេញតាមពីក្រោយក្រុម Top-4 តោខៀវ Chelsea ៥ពិន្ទុ គ្រាដែលនៅសល់ ៤ប្រកួតទៀតបិទយុទ្ធនាការឆ្នាំ២០២០-២០២១ នេះ៕