លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Paris Saint-Germain បានជួបការខកចិត្តម្តងទៀតដោយសារតែ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បានចំណាយពេលពីការសម្រាកព្យាបាលបញ្ហារបួសរបស់គេ ដើម្បីធ្វើឲ្យដំណើរទៅកាន់ទីក្រុង Madrid ដើម្បីទៅទស្សនាការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅសប្តាហ៍នេះ។
រយៈពេល១ថ្ងៃ នៅមុនពេលក្រុម PSG ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Lille ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 លោក Tuchel បាននិយាយទាំងខកចិត្តកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំមិនមែនជាឪពុករបស់គេ ខ្ញុំមិនមែនជាប៉ូលិសឡើយ»។ ការប្រកួតនេះ នឹងត្រូវតម្រូវឲ្យកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោករូបនេះ វិលចូលលេងវិញពីបញ្ហារបួស ដែលរូបគេបានជួបប្រទះក្នុងពេលលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងពេលប៉ះក្រុមជម្រើសជាតិនីហ្សេរីយ៉ា កាលពីថ្ងៃទី១៣ ខែតុលា។
លោក Tuchel បានបន្ថែមទៀតថា៖ «ខ្ញុំគឺជាគ្រូបង្វឹករបស់គេ ហើយរូបគេកំពុងតែហ្វឹកហាត់យ៉ាងល្អ។ តើខ្ញុំពេញចិត្តការដែលរូបគេបានធ្វើដំណើរ ឬទេ? ទេ មិនពេញចិត្តទាល់តែសោះ។ ប៉ុន្តែ តើវាមានតម្លៃឬអត់ បើខ្ញុំខ្វល់ខ្វាយពីបញ្ហាហ្នឹង? ទេ អត់ទេ។ ប្រសិនបើអ្វីៗទាំងអស់ដំណើរការល្អ រូបគេអាចលេងនៅថ្ងៃស្អែក ប៉ុន្តែ មិនទាន់ដឹងថា រូបគេចូលលេងក្នុងជម្រើសដំបូង ឬលេងជាកីឡាករបម្រុង ឡើយ»។ Neymar មិនធ្លាប់បានចូលលេងឲ្យក្រុម PSG សោះ បើគិតចាប់តាំងពីបានស៊ុតបាល់បញ្ចូលទី ក្នុងពេលក្រុមខ្លួនទទួលបានជ័យជម្នះ ៤-០ លើក្រុម Angers កាលពីថ្ងៃទី៥ ខែតុលា៕
ប្រភពព័ត៌មាន៖ Channel News Asia