អតីតខ្សែការពារក្រុមកាំភ្លើងធំ Arsenal លោក Matthew Upson បានបង្ហើបពីកំហុសទាំងពីរដែលលោក Unai Emery បានធ្វើបន្ទាប់ពីរូបលោកផ្លាស់មកទទួលតួនាទី ជំនួសលោក Arsene Wenger។ អ្នកចាត់ការសញ្ជាតិអេស្បាញលោក Emery បានចូលរួមជាមួយក្រុមកាំភ្លើងធំនៅរដូវក្តៅឆ្នាំ២០១៨ បន្ទាប់ពីរជ្ជកាលដឹកនាំដ៏វែងឆ្ងាយនិងជោគជ័យរបស់លោក Wenger ជាមួយក្លឹបបានឈានដល់ទីបញ្ចប់។

មជ្ឈដ្ឋានបាល់ទាត់និងអ្នកគាំទ្របានសម្តែងក្តីរំពឹងទុកពីសំណាក់អតីតគ្រូបង្វឹក PSG និង Sevilla ប៉ុន្តែរដូវកាលដំបូង Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុង Premier League ទោះបីជាឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League តែនៅតែខកខានការប្រកួតពានរង្វាន់កំពូល Champions League ដដែល។ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការ ២០១៩-២០២០ បាន ១២ប្រកួត Arsenal និងមានគម្លាត ៨ពិន្ទុពីក្រុមកំពូលទាំង ៤ និងមិនទាន់ឈ្នះសោះចាប់តាំងពីដើមខែតុលា។

លើកឡើងពីបញ្ហានេះអតីតខ្សែការពារ Mathew Upson ជឿជាក់ថាលោក Emery មានចំនុចខុសឆ្គងពីរនោះគឺការចំណាយ ៧០លានផោនទៅលើកីឡាករ Nicolas Pepe ប៉ុន្តែមិនអាចផ្តលស្ថេរភាពអោយក្រុមនៅតំបន់បម្រើ-ការពារបាន។ មួយវិញទៀតអតីតខ្សែការពារក្រុម Arsenal, West Ham និងអង់គ្លេសក៏បានធ្វើការរិះគន់ដល់លោក Emery ផងដែរចំពោះការប៉ុនប៉ងផ្លាស់ប្តូរទម្រង់លេងរបស់ក្រុមកាំភ្លើងធំក្នុងរយៈពេល ១៦ខែកន្លងមកនេះដោយមិនមានភាពច្បាស់លាស់។

លោក Emery និងត្រូវដឹកនាំក្រុមទទួលក្រុមដែលត្រូវប្រឈមនិងការកាត់ចេញគឺ Southampton ដែលមានលេខរៀងទី២ បាតតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីចាញ់ ៦លើកក្នុងចំណោមការប្រកួត ៧លើកចុងក្រោយរបស់ពួកគេ។