ប្រធានក្លិប Bayern Munich លោក Herbert Hainer បានសម្តែងការ គាំទ្រយ៉ាងពេញទំហឹងដល់សមត្ថភាពដឹកនាំរបស់អតីតគ្រូបង្វឹកលោក Pep Guardiola ដែលបច្ចុប្បន្នកំពុងតែដឹកនាំក្រុម Man.City និងចង់ឃើញអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញរូបនេះវិលត្រលប់មកដឹកនាំក្លឹបសាជាថ្មីវិញ។
បច្ចុប្បន្នគ្រូបង្វឹកបណ្តោះអាសន្នលោក Hansi Flick នឹងទទួលខុសត្រូវដឹកនាំក្លឹបយ៉ាងហោចណាស់ត្រឹមបញ្ចប់ឆ្នាំ ២០១៩ ខណៈក្រុមការពារតំណែងជើងឯក Bundesliga កំពុងថ្លឹងថ្លែងគ្រូបង្វឹកថ្មីដើម្បីមកបន្តដឹកនាំក្រុមពួកគេ។
ប្រភពពី Sport Bild បានអោយដឹងថាក្រុមប្រឹក្សាភិបាលរបស់ក្លឹបបាន កំនត់គោលដៅគ្រូបង្វឹក ថ្មីរបស់ពួកគេដើម្បីជំនួសតំណែងគ្រូបង្វឹក Niko Kovac មានដូចជាៈ១.លោក Guardiola ២. លោក Erik Ten Hag ជាគ្រូបង្វឹកក្រុម Ajax បច្ចុប្បន្ន ព្រមជាមួយ និង៣.លោក Thomas Tuchel ដែលកំពុងដឹកនាំ PSG គឺជាបេក្ខភាព ដែលក្លឹបយក្សអាឡឺម៉ង់កំពុងពិចារណាស្របពេលដែលលោក Hainer សម្តែងការគោរពនិងផ្តល់តម្លៃខ្លាំងដល់ គ្រូបង្វឹកអេស្បាញលោក Pep Guardiola ខណៈកិច្ចសន្យារបស់រូបលោកនៅមានសុពលភាព ដល់ឆ្នាំ ២០២១ ជាមួយក្រុម Man.City ។