លោក Gareth Southgate ដែលជាអ្នកចាត់ការទូទៅ បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចនឹងប្រើប្រាស់ក្រុមប្រជុំដោយកីឡាករវ័យក្មេងក្មេងបំផុតរបស់ពួកគេ ក្នុងការប្រកួតជាអន្តរជាតិលើកទី១០០០របស់ពួកគេ នៅពេលដែលពួកគេជួបជាមួយនឹងក្រុមជម្រើសជាតិម៉ុងតេណេហ្គ្រោ ក្នុងការប្រកួតជម្រុះ Euro ឆ្នាំ២០២០ នាកីឡដ្ឋាន Wembley រាត្រីនេះ។

លោក Southgate បានប្រាប់អ្នកយកព័ត៌មានថា៖ «ពិតណាស់ យើងនឹងប្រើប្រាស់ក្រុមកីឡាករវ័យក្មេង។ ខ្ញុំគិតថា ក្រុមនេះ នៅពេលប្រកួតជាមួយនឹងក្រុមអេស្ប៉ាញ គឺជាក្រុមមួយក្នុងចំណោមក្រុមដ៏វ័យក្មេងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយខ្ញុំគិតថា បើគ្មានការពិចារណាផ្សេងៗទេនោះ យើងនឹងមានក្រុមវ័យក្មេងជាងនេះទៅទៀត»។

លោកបានបន្ថែមទៀតថា៖ «យើងមានក្រុមជាច្រើនដែលមានសក្តានុពល និងភាពខ្លាំង ប៉ុន្តែ ក្រុមនេះ បានបង្ហាញពីកម្រិតខ្លាំងជាងកាលរដូវក្តៅមុនទៅទៀត។ ខ្ញុំគិតថា យើងមិនមែនជាក្រុមពោរពេញដោយបទពិសោធ ឬក្រុមប្រជុំដោយកីឡាករដ៏មានទេពកោសល្យឡើយ អំឡុងពេលនៃដំណាក់កាលនោះ ប៉ុន្តែ យើងបានបង្ហាញពីកម្រិតសមត្ថភាព»។

ក្រុមជម្រើសជាតិអង់គ្លេស ដែលនឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិកូសូវ៉ូ នៅថ្ងៃអាទិត្យនោះ ត្រូវការត្រឹមតែ១ពិន្ទុគត់ពីការប្រកួតដែលនៅសល់របស់ខ្លួន ដើម្បីឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការប្រចាំទ្វីប ជុំផ្តាច់ព្រ័ត្រ នារដូវកាលក្រោយ៕

ប្រភពព័ត៌មាន៖ Channel News Asia