ខ្សែប្រយុទ្ធ Douglas Costa បានរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ដើម្បីជួយឲ្យក្រុម Juventus ឈានទៅក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបានកត់ត្រាជ័យជម្នះ ២-១ នៅលើទឹកដីក្រុម Lokomotiv Moscow កាលពីថ្ងៃពុធ ស្របពេលដែលក្រុម Paris Saint-Germain និង Bayern Munich ក៏បានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ ក្នុងវគ្គបន្តផងដែរ។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅតង់ទី១របស់ Mauro Icardi គ្រប់គ្រាន់សម្រាប់ក្រុម PSG ដើម្បីយកឈ្នះលើក្រុម Club Brugge ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Parc des Princes ស្របពេលដែលក្រុម Bayern បានយកឈ្នះលើក្រុម Olympiakos ២-០។
ក្រុម Manchester City បានខ្ជះខ្ជាយឱកាសក្នុងការឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃពូល C ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Atalanta ខណៈដែលខ្សែការពារស្លាបស្តាំ Kyle Walker គឺជាអ្នករកបានគ្រាប់បាល់ឲ្យក្រុមភ្ញៀវ។
Juventus បានដឹងថា ការដណ្តើមបាន៣ពិន្ទុនៅលើទឹកដីរុស្ស៊ី នឹងគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការឈានទៅវគ្គបន្ត ហើយពួកគេបានរកគ្រាប់បាល់នាំមុខមុននៅនាទី ទី៤តាមរយៈកីឡាករ Aaron Ramsey មុននឹង Costa រកបានគ្រាប់បាល់ឈ្នះ។ PSG បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងរដូវកាល៨លើកជាប់ៗគ្នា ប៉ុន្តែ ការបង្ហាញពីទម្រង់លេងមិនបានល្អនៅពេលជួបជាមួយនឹងក្រុម Brugge នឹងមិនផ្តល់ការជឿជាក់ដល់ក្រុមម្ចាស់ជើងឯកបារាំងមួយនេះឡើយ៕