Romelu Lukaku រកបាន ២គ្រាប់ជួយអោយក្រុមភ្ញៀវ Inter Milan ផ្តួលម្ចាស់ផ្ទះ Bologna ក្នុងការប្រកួតនៅក្របខណ្ឌ Serie A សប្តាហ៏ទី១១ កាលពីយប់ថ្ងៃអាទិត្យ ទី៣ វិច្ឆិកា ២០១៩ ម្សិលមិញនេះ។

ដូច្នេះមានន័យថាខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះបាន បង្កើតកំណត់ត្រាស៊ុតបាល់បញ្ចូលទីតាមស្មើវីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Ronaldo និងក្លាយជាកីឡាករដំបូងដែលអាចរកគ្រាប់បាល់ ៩គ្រាប់ ក្នុងការប្រកួតលីកកំពូលអ៊ីតាលីចំនួន ១១លើកដំបូងសម្រាប់ក្លឹបពស់យក្ស ចាប់តាំងពី Ronaldo ធ្លាប់បានគ្រប់គ្រងកំនត់ត្រានេះកំលុងពេលរូបគេលេងអោយ Inter Milan នៅរដូវកាល១៩៩៧-១៩៩៨កន្លងមក។

Lukaku បានបង្ហាញទម្រង់លេងល្អបំផុតក្រោយផ្លាស់ពី Man.United កាលពីដើមរដូវកាលថ្មីនេះ និងបានជួយ Inter Milan នូវជំនឿជឿជាក់ សម្រាប់គ្រូបង្វឹកលោក Antonio Conte។ មានន័យថាក្រុមយក្សអ៊ីតាលីឈរនៅលំដាប់ទី២ មាន២៨ពិន្ទុ ក្នុងតារាង Serie A និងមានគម្លាតតែមួយពិន្ទុប៉ុណ្ណោះពីក្រុមការពារតំណែងជើងឯក Juventus ដែលមាន ២៩ពិន្ទុ៕