ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich បានចែកផ្លូវជាមួយនឹងលោកគ្រូបង្វឹក Niko Kovac ពោលគឺត្រឹមតែរយៈពេល១ថ្ងៃ ក្រោយពីការរងបរាជ័យនៅលើទឹកដីក្រុម Eintracht Frankfurt ក្នុងលទ្ធផល ៥-១ ក្នុងការប្រកួតក្របខ័ណ្ឌ Bundesliga។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិប កាលពីថ្ងៃអាទិត្យ។
សេចក្តីប្រកាសព័ត៌មានមួយពីសំណាក់ក្លិប Bayern បានបញ្ជាក់ថា លោក Kovac បានចាកចេញ ក្រោយពីការព្រមព្រៀងគ្នាទាំងសងខាង រវាងរូបលោក និងក្លិបនេះ ដែលបានធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងលីក ក្រោយពីការរងបរាជ័យដ៏អាម៉ាសរបស់ពួកគេ។
លោក Karl-Heinz Rummenigge ប្រធានក្លិប Bayern បានឲ្យដឹងថា៖ «ទម្រង់លេងរបស់ក្រុមយើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងលទ្ធផលនានា បានបង្ហាញឲ្យយើងឃើញថា យើងត្រូវតែចាត់វិធានការ»។ លោកបានប្រាប់បន្តថា៖ «ខ្ញុំបើកការសន្ទនារដ៏តានតឹង និងម៉ឹងម៉ាត់មួយជាមួយនឹងលោក Niko ទៅលើមូលដ្ឋាននេះ កាលពីថ្ងៃអាទិត្យ ខណៈដែលលទ្ធផលដែលមានការព្រមព្រៀងគ្នាគឺថា លោក Niko មិនស្ថិតជាគ្រូបង្វឹករបស់ក្រុម Bayern ទៀតឡើយ»។
ការរងបរាជ័យក្រោមស្នាដៃក្រុម Eintracht គឺជាការចាញ់ជាលើកទី២របស់ក្រុម Bayern នៅរដូវកាលនេះ ប៉ុន្តែ ពួកគេក៏បានបញ្ចប់ក្នុងលទ្ធផលស្មើ៣លើកផងដែរ។ លោក Rummenigge បានបន្ថែមទៀតថា៖ «យើងទាំងអស់គ្នាពិតជាសោកស្តាយណាស់ចំពោះការវិវត្តិន៍នេះ។ ខ្ញុំចង់ថ្លែងអំណរគុណដល់លោក Niko Kovac ក្នុងនាមជាអ្នកតំណាងឲ្យក្លិប FC Bayern ចំពោះការងាររបស់លោក ជាពិសេសសម្រាប់ការឈ្នះពាន២កាលពីរដូវកាលមុន»៕
ប្រភពព័ត៌មាន៖ Channel News Asia