ការតែតបាល់បញ្ចូលទីរបស់ខ្សែបម្រើ Cenk Tosun នៅនាទី ទី៨នៃនាទីបន្ថែម បានស្រោចស្រង់ឲ្យក្រុម Everton ទទួលបានលទ្ធផលស្មើ ១-១ នៅពេលជួបជាមួយនឹងក្រុម Tottenham ក្នុងការប្រកួតមួយ ដែលត្រូវបានរំខានដោយសារតែការរបួសបាក់ជើងរបស់ខ្សែបម្រើ Andre Gomes នៃក្រុម Everton។

ខ្សែបម្រើប្រយុទ្ធ Son Heung-min របស់ Spurs បានរងពិន័យកាតក្រហមភ្លាមៗ សម្រាប់ការប្រព្រឹត្តកំហុសរបស់គេទៅលើខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់រូបនេះ ប៉ុន្តែ បញ្ហារបួសនេះ បានកើតឡើង ក្នុងពេលដែលសន្ទុះរបស់ Gomes បាននាំឲ្យមានការប៉ះទង្គិចជាមួយនឹងកីឡាករ Serge Aurier។

លោក Marco Silva អ្នកចាត់ការទូទៅរបស់ក្រុម Everton បានឲ្យដឹងថា៖ «វាជាស្ថានភាពដ៏អាក្រក់មួយសម្រាប់យើង ក្នុងនាមជាក្រុមមួយ។ វាលើសពីការប្រកួតកីឡាបាល់ទាត់ទៅទៀត។ នេះគឺជារឿងដ៏សំខាន់បំផុតនៅពេលនេះ»។ ក្រុម Tottenham បាននាំមុខ ១-០ ក្នុងពេលមានបញ្ហារបួសនោះ ក្រោយពីការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Dele Alli បន្ទាប់ពីលេងបានរយៈពេល១ម៉ោង។

បញ្ហារបួសរបស់ Gomes បានក្លាយជាចំណុចផ្លាស់ប្តូរមួយ ខណៈដែល Son បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង សូម្បីតែនៅមុនពេលរូបគេបានរងពិន័យកាតក្រហម។ Alli បានឲ្យដឹងថា៖ «រូបគេ (Son) ពិតជាខកចិត្តណាស់ និងបានយំ។ វាមិនមែនជាកំហុសរបស់គេឡើយ។ Son គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដ៏ល្អបំផុតដែលអ្នកបានជួបពីមុនមក។ រូបគេមិនអាចសូម្បីតែងើបក្បាលរបស់គេឡើង។ រូបគេស្រែកយំយ៉ាងខ្លាំង»៕

ប្រភពព័ត៌មាន៖ Channel News Asia