លោក Jurgen Klopp បានព្រមានថា ក្រុម Liverpool អាចនឹងដកខ្លួនចេញពីយុទ្ធនាការ League Cup ប្រសិនបើការប្រកួតលីកកីឡាបាល់ទាត់អង់គ្លេស មិនជួយដោះស្រាយជាមួយនឹងកម្មវិធីប្រកួតដ៏មមាញឹករបស់ពួកគេទេនោះ។ ក្រុមរបស់លោក Klopp បានឈានទៅវគ្គ៨ក្រុមចុងក្រោយ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ៥-៥ ជាមួយនឹងក្រុម Arsenal និងឈ្នះដោយការស៊ុតបាល់ប៉េណាល់ទី ៥-៤ នាកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ។ ក្រុម Liverpool បានវាយបកដេញតាមពីក្រោយ ៣-១, ៤-២ ហើយបន្ទាប់មក ៥-៤ នៅប៉ុន្មានវិនាទីចុងក្រោយ នៅមុនពេល គ្រាប់បាល់តាមស្មើរបស់ Divock Origi បានបង្ខំឲ្យឈានដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ខណៈដែលកីឡាករវ័យក្មេង Curtis Jones ជាអ្នករកបានគ្រាប់បាល់ឈ្នះ។

វាបានក្លាយជាការប្រកួតដ៏រំភើបមួយសម្រាប់យុទ្ធនាការនេះ ប៉ុន្តែ Liverpool អាចនឹងមិនបង្ហាញខ្លួនក្នុងពាន League Cup ម្តងទៀតឡើយ នៅរដូវកាលនេះ ប្រសិនបើការព្រួយបារម្ភរបស់លោក Klopp ជុំវិញកម្មប្រកួតដ៏មមាញឹក មិនមានដំណោះស្រាយទេនោះ។

ថ្ងៃប្រកួតសម្រាប់វគ្គ៨ក្រុមចុងក្រោយ ត្រូវបានគ្រោងរៀបចំឡើងនៅសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី១៦ ខែធ្នូ ដែលនៅពេលនោះ Liverpool នឹងត្រូវលេងនៅប្រទេសកាតា ក្នុងយុទ្ធនាការ FIFA Club World Cup។ លោក Klopp បានបញ្ជាក់ថា ប្រសិនបើមានជម្រើសសមរម្យ ពោលគឺអាចនឹងនៅសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី៦ ខែមករា ដែលជាថ្ងៃប្រកួតសម្រាប់ជើងទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មិនអាចកើតឡើងទេនោះ ពួកគេនឹងមិនចូលរួមប្រកួតឡើយ។

លោក Klopp បានប្រាប់អ្នកយកព័ត៌មានថា៖ «FIFA ប្រាប់យើងថា Club World Cup នឹងរៀបចំនៅកាតា ហើយយើងត្រូវតែទៅទី នោះ ហើយយើងនឹងទៅ។ Premier League ប្រាប់យើងថា យើងត្រូវតែលេង ក្នុង Premier League ដែលយើងត្រូវតែធ្វើ។ Carabao (League) Cup ប្រសិនបើពួកគេមិនអាចរកកន្លែងសមរមសម្រាប់យើងទេនោះ ពោលគឺមិនមែនម៉ោង៣ទៀប នៅថ្ងៃបុណ្យណូអែល នោះ យើងនឹងមិនប្រកួតឡើយ»៕

វីដេអូ: