FC Barcelona កំពុងប្រជែងត្រៀមដាក់ដេញថ្លៃយកតារាឆ្នើមវ័យក្មេងមួយរូបនៅលីគកំពូលបារាំង Ligue1 គឺខ្សែប្រយុទ្ធនីហ្សេរីយ៉ា Victor Osimhen ដែលបច្ចុប្បន្នកំពុងលេងឱ្យក្រុម Lille។ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីក្លឹប Bayern Munich និង AC Milan ផងដែរនេះបើយោងតាមគេហទំព័រ Soccer Link បានចុះផ្សាយ។

Osimhen អាចលេងបាននៅតំបន់បម្រើនិងប្រយុទ្ធជួរមុខ បន្ទាប់ពីធ្លាប់ប្រកបអាជីពជាមួយ Wolfsburg និង Charleroi រូបគេបានផ្លាស់មកចូលរួមជាមួយ Lille កាលពីរដូវក្តៅមុនក្នុងតម្លៃប្រហែល ១២លានអឺរ៉ូ។ គាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹបថ្មីរបស់គាត់យ៉ាងឆាប់រហ័សហើយគាត់បានរកគ្រាប់បាល់បាន ៨គ្រាប់និង Assist បាន ២គ្រាប់ក្នុងការបង្ហាញខ្លួនអោយក្លឹប ១៤ប្រកួតក្នុងលីគកំពូលបារាំងនិងពានរង្វាន់ទ្វីបអឺរ៉ុប Champions League។

Lille បានចុះហត្ថលេខាជាមួយ Osimhen ដើម្បីបំពេញចន្លោះដែលនៅសល់ដោយការចាកចេញរបស់ Nicolas Pépé (Arsenal) និង Rafael Leao (AC Milan) ហើយរហូតមកដល់ពេលនេះគាត់បានបំពេញតាមតម្រូវការ។ ក្រុម Barcelona កំពុងស្វែងរកបេក្ខភាពខ្សែប្រយុទ្ធយូរអង្វែងម្នាក់ដើម្បីស្នងតំណែងកីឡាករចាស់វស្សា Luis Suarez ដែលនិងឈានចូលដល់អាយុ ៣៣ឆ្នាំនៅខែមករា ២០២០ ខាងមុខនេះ។

ប្រភព៖ sport-english