ខ្សែបម្រើ Granit Xhaka បានរងនូវការបាក់មុខ ដោយសារតែការឈ្លោះប្រកែកជាមួយនឹងអ្នកគាំទ្ររបស់ក្រុម Arsenal កាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅតែអាចសុំការអភ័យទោសបាន។ នេះបើយោងទៅតាមការលើកឡើងរបស់លោក Unai Emery អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ កាលពីថ្ងៃអង្គារ។

ប៉ុន្តែ លោក Emery មិនបានបញ្ជាក់ថា ខ្សែបម្រើអន្តរជាតិស្វ៊ីសវ័យ២៧ឆ្នាំរូបនេះ នៅតែរក្សាតំណែងជាប្រធានក្រុម ឬយ៉ាងណាឡើយ ក្រោយពីការផ្ទុះកំហឹងរបស់គេ ដោយសារតែត្រូវបានប្តូរចេញក្នុងពេលក្រុមខ្លួនបានបញ្ចប់ក្នុងលទ្ធផល ២-២ ជាមួយនឹងក្រុម Crystal Palace។ Xhaka ដែលត្រូវបានបោះឆ្នោតឲ្យជាប់ជាប្រធានក្រុម ដោយការបោះឆ្នោតជាសម្ងាត់មួយរបស់មិត្តរួមក្រុមខ្លួន កាលពីពេលបិទរដូវកាលនោះ មិនបានជួបទំនាក់ទំនងយ៉ាងល្អជាមួយនឹងអ្នកគាំទ្ររបស់ក្រុម Arsenal បើគិតចាប់តាំងពីរូបគេបានចូលរួមជាមួយនឹងក្លិបនេះ ក្នុងឆ្នាំ២០១៦។

ទំនាក់ទំនងនោះ បានឈានដល់ភាពរកាំរកូស កាលពីថ្ងៃអាទិត្យ នៅពេលដែលពួកគេបានស្រែកចំអកឲ្យ Xhaka ក្នុងពេលដែលរូបគេបានដើរចេញពីទីលាន ដោយយកដៃរបស់គេខ្ទប់ត្រចៀក ហើបន្ទាប់មក មាត់របស់គេហាក់ដូចជាបានស្រែកជេរ នៅមុនពេលដើរចូលទៅកាន់បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។ នៅមុនពេលក្រុម Arsenal ប្រកួតជាមួយនឹងក្រុម Liverpool ក្នុងពាន League Cup ជុំទី៤ លោក Emery បាននិយាយថា៖ «ពិតណាស់ រូបគេគួរតែសុំការអភ័យទោស។ យើងធ្វើឲ្យមានកំហុស យើងត្រូវតែសុំទោស ហើយយើងបានស្នើឲ្យរូបគេធ្វើបែបហ្នឹង»៕

ប្រភពព័ត៌មាន៖ Channel News Asia