លោក Jurgen Klopp បានលុបចោលការព្រួយបារម្ភផ្សេងៗជុំវិញបញ្ហារបួសកជើងឆ្វេងរបស់ខ្សែប្រយុទ្ធ Mohamed Salah តាមរយៈការបញ្ជាក់ថា ការប្តូរចេញរបស់គេនៅរយៈពេល៥នាទី នៅមុនពេលបញ្ចប់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League ដែលក្រុម Liverpool បានយកឈ្នះលើក្រុម Tottenham ២-១ គឺគ្រាន់តែជាការប្រុងប្រយ័ត្នទុកមុនប៉ុណ្ណោះ។
តារាឆ្នើមអន្តរជាតិអេហ្ស៊ីបវ័យ២៧ឆ្នាំរូបនេះ ដែលបានអវត្តមានក្នុងការប្រកួតជាមួយនឹងក្រុម Manchester United ដោយសារតែបញ្ហារបួសនោះ បានរកគ្រាប់បាល់កាត់សេចក្តី ដើម្បីរកបានគ្រាប់បាល់ទី៥០របស់គេនៅកីឡដ្ឋាន Anfield។ Salah ដែលបានរកគ្រាប់បាល់ទី៥០របស់គេ ក្នុងចំណោមការប្រកួត៥៨លើកនោះ មានរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីសម្រាក នៅមុនការប្រកួតនៅលើទឹកដីក្រុម Aston Villa ខណៈដែលរូបគេប្រហែលជាមិនអាចចូលលេងក្នុងការប្រកួតដណ្តើមពាន League Cup ជាមួយនឹងក្រុម Arsenal នៅថ្ងៃពុធឡើយ។
លោក Klopp បានឲ្យដឹងថា៖ «វាគឺជាបញ្ហាកជើង កជើងដែលរូបគេបានជួបប្រទះ ចាប់តាំងពីការប្រកួតជាមួយនឹងក្រុម Leicester។ វាមិនមែនជាបញ្ហាធំដុំឡើយ ប៉ុន្តែ ដោយសារតែការប្រកួតយូរ ធ្វើឲ្យមានបញ្ហាសាច់ដុំ ហេតុនេះ អ្នកអាចមានបញ្ហាបន្តិចបន្តួចអ៊ីចឹងឯង»៕
ប្រភពព័ត៌មាន៖ Channel News Asia