ប្រភពពត៌មាននៃការផ្លាស់មកដឹកនាំក្រុម Real Madrid សារជាថ្មីរបស់លោក Jose Mourinho បានចាប់ផ្តើមជះឥទ្ធិពលដល់ក្រុមបន្តិចម្តងៗ ស្របពេលកីឡាករមួយចំនួនដែលមិនចង់អោយរឿងហេតុវិលត្រលប់នេះកើតឡើង។

ហើយពួកគេគឺបានធ្វើការហ្វឹកហាត់យ៉ាងខ្លាំងក្លាបំផុតដើម្បីបង្អាក់ដំណើរការនេះ និងគោលបំណងសំខាន់គឺការរារាំងការបញ្ចប់តំណែងគ្រូបង្វឹកបច្ចុប្បន្ន លោក Zinedine Zidane បន្ទាប់ពីអ្នកចាត់ការសញ្ជាតិបារាំងប្រឈមនឹងការបណ្តេញចេញកាលពីដើមសប្តាហ៏ ប្រសិនជាបរាជ័យចាញ់ក្រុម Galatasaray ក្រោយពីជួបរឿងខកចិត្តចាញ់ក្រុម Mallorca និងខកខានឈរទីកំពូលតារាង La Liga នោះ។

ប្រភពពីគេហទំព័រ AS បានចុះផ្សាយថាតារាឆ្នើមរបស់ក្រុម Real Madrid ចំនួន ៧នាក់នោះ គឺរួមមាន Sergio Ramos, Marcelo, Karim Benzema, Raphael Varane, Luka Modric, Nacho Fernandez និង Casemiro ដែលធ្លាប់លេងក្រោមការដឹកនាំរបស់លោក Mourinho នៅចន្លោះឆ្នាំ២០១០ និង ២០១៣។

ទន្ទឹមនឹងនេះដែរថ្មីៗនេះលោក Mourinho ផ្ទាល់បានអះអាងថាពេលវេលាដែលលោកធ្វើជាគ្រូបង្វឹករបស់ Real Madrid គឺជាបទពិសោធន៍ល្អបំផុតនៃអាជីពរបស់លោករហូតមកដល់ពេលនេះព្រមជាមួយបទពិសោធន៏ដឹកនាំ Porto, Chelsea, Inter Milan និង Manchester United។ បុរសវ័យ ៥៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ La Liga ឆ្នាំ២០១១-១២, Copa del Rey និង Supercopa de Espana មុនពេលត្រលប់មកដឹកនាំ Chelsea វិញជាលើកទី២ ។

លោក Mourinho ក៏ធ្លាប់ឈ្នះជើងឯក Champions League ចំនួន ២ដង (ជាមួយ Porto និង Inter Milan) និង Premier League ៣ដងជាមួយ Chelsea និង Serie A ២ដងជាមួយ Inter Milan។

ប្រភព៖ Foxstarasia