ខ្សែប្រយុទ្ធ Raheem Sterling និង Kylian Mbappe សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ដូចគ្នា ក្នុងការប្រកួតក្របខ័ណ្ឌ UEFA Champions League កាលពីថ្ងៃអង្គារ ខណៈដែលក្រុម Manchester City, Paris Saint-Germain និង Tottenham ដណ្តើមបានជ័យជម្នះដ៏ធំរៀងៗខ្លួន។

ក្រុម Juventus, Real Madrid និង Bayern Munich ដណ្តើមបានជ័យជម្នះទាំងលំបាកដូចគ្នា នៅរាត្រីមួយដែលបានបង្កើតឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបដល់ទៅ៣០គ្រាប់ក្នុងការប្រកួត៨ប្រកួត ដែលស្មើ១/៣នៃគ្រាប់បាល់ដែលត្រូវបានស៊ុតបញ្ចូលទីដោយក្លិបរបស់ក្របខ័ណ្ឌ Premier League។ គ្រាប់បាល់ទាំង៣គ្រាប់បាល់របស់ Sterling បានកើតឡើងនៅចន្លោះពេលត្រឹមតែ១១នាទីប៉ុណ្ណោះ ក្នុងតង់ទី២ ខណៈដែលក្រុម Man City របស់លោក Pep Guardiola បានលត់ក្រុម Atalanta យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ នាកីឡដ្ឋាន Etihad ដើម្បីរក្សាកំណត់ត្រាយ៉ាងល្អឥតខ្ចោះក្នុងការប្រកួតពូល C។

Sterling បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «ខ្ញុំគួរតែស៊ុតបាល់បញ្ចូលទីបាន៤គ្រាប់។ Riyad Mahrez បានបញ្ជូនបាល់យ៉ាងល្អដល់ខ្ញុំ ហើយខ្ញុំបានព្យាយាមបញ្ជូនបាល់ឲ្យរូបគេរកបានគ្រាប់បាល់១គ្រាប់វិញ។ ប៉ុន្តែ ខ្ញុំបានអូសបានផុតខ្សែការពារ ហើយគួរតែបានស៊ុតបាល់នោះចូលទី»។ ជាមួយគ្នានេះ ក្រុម Spurs ក៏ដណ្តើមបានជ័យជម្នះដ៏ធំមួយដើម្បីស្តារមុខមាត់របស់ខ្លួនត្រឡប់មកវិញផងដែរ ក្រោយពីបានផ្តួលក្រុម Red Star Belgrade ៥-០ ដើម្បីឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល។

ដោយឡែក Mbappe បានចំណាយពេលត្រឹមតែ២២នាទីប៉ុណ្ណោះ ដើម្បីស៊ុតបាល់បញ្ចូលទីបាន៣គ្រាប់ ក្នុងពេលក្រុម PSG បានយកឈ្នះលើក្រុមម្ចាស់ជើងឯករងនៅតំបន់អឺរ៉ុប Club Brugge ក្នុងលទ្ធផល ៥-០ នៅបែលហ្ស៊ិក ក្នុងការប្រកួតពូល A៕

ប្រភពព័ត៌មាន៖ Channel News Asia