ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan នឹងត្រូវអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូល នៅលើទឹកដីក្រុម Barcelona នៅរាត្រីនេះ ដោយសារតែបញ្ហាសាច់ដុំភ្លៅ។ នេះបើយោងទៅតាមការប្រកាសរបស់លោកគ្រូបង្វឹក Antonio Conte កាលពីថ្ងៃអង្គារ។
Lukaku ដែលបានផ្ទេរមកពីក្លិប Manchester United ក្នុងតម្លៃខ្លួន៨០លានអឺរ៉ូ (ស្មើនឹង៧១,២លានដុល្លារអាមេរិក) នោះ គឺជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប Inter ក្នុងក្របខ័ណ្ឌ Serie A រួមជាមួយនឹងខ្សែបម្រើ Stefano Sensi ដែលរកបាន៣គ្រាប់។ Inter ដែលកំពុងតែនាំមុខលើកំពូលតារាងរបស់ក្រខ័ណ្ឌ Serie A ក៏នឹងត្រូវប្រកួតជាមួយនឹងក្រុមម្ចាស់ការពារជើងឯក Juventus លើទឹកដីខ្លួនឯង នៅថ្ងៃអាទិត្យ សប្តាហ៍នេះ។
លោក Conte បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងមិនមាន Lukaku ដោយសារតែរូបគេមានបញ្ហារបួសបន្តិចបន្តួច ពោលគឺរបួសភ្លៅ។ រូបគេត្រូវ នឹងត្រូវជួបបញ្ហានេះមួយរយៈពេល ហើយរូបគេមិនបានធ្វើដំណើរមកឡើយ។ រូបគេកំពុងតែរបួស ហេតុនេះ គេទទួលបានការត្រួតពិនិត្យជាច្រើន»។ ស្របពេលជាមួយគ្នានេះ លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានបញ្ចូលឈ្មោះ Lionel Messi និង Ousmane Dembele ក្នុងក្រុមរបស់លោក សម្រាប់ការប្រកួតនៅរាត្រីនេះ។
ខណៈដែលខ្សែប្រយុទ្ធទាំង២ បានប្រកាសថា ពួកគេបានជាសះស្បើយពីរបួសទាំងស្រុងហើយ ក្រោយពីពួកគេបានចូលរួមហ្វឹកហាត់ កាលពីថ្ងៃអង្គារ។ Inter បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេជាមួយនឹងក្រុម Slavia Prague ស្របពេលដែលក្រុម Barcelona ក៏ទទួលបានលទ្ធផលស្មើនៅលើទឹកដីក្រុម Borussia Dortmund ផងដែរ៕