លោក Mauricio Pochettino បានជំរុញឲ្យក្រុម Tottenham រក្សាការសាមគ្គីភាព ក្រោយពីក្រុមកំពុងធ្លាក់ទម្រង់លេងរបស់លោក បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៧-២ ក្រោមស្នាដៃក្រុម Bayern Munich កាលពីថ្ងៃអង្គារ។ ក្រុម Tottenham បានរបូតគ្រាប់បាល់ដល់ទៅ៧គ្រាប់ នៅលើទឹកដីខ្លួនឯងជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ខណៈដែលក្រុម Bayern បានគ្រប់គ្រងការប្រកួតទាំងស្រុងនៅទីក្រុងឡុងដ៍ភាគខាងជើង។
ការរងបរាជ័យដ៏អាម៉ាសនេះ បានកើតឡើងត្រឹមតែរយៈពេល១សប្តាហ៍ ក្រោយពីលោក Pochettino បានបញ្ជាក់ថា កីឡាកររបស់លោកមានការផ្តោតអារម្មណ៍ផ្សេងគ្នា ស្របពេលដែលមានការព្រួយបារម្ភថា បញ្ហានៃការចង់ចាកចេញពីក្លិប បានធ្វើឲ្យក្រុមម្ចាស់ជើងឯករងរបស់ក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនមួយនេះ គ្មានស្ថិរភាព។
ប៉ុន្តែ នៅពេលនេះលោក Pochettino មិនបានព្យាយាមបើកកកាយជាសាធារណៈឡើយ ខណៈដែលលោកបានបញ្ជាក់ថា ពួកគេមិនត្រូវអនុញ្ញាតឲ្យការចាញ់ដ៏ធំនេះ ធ្វើឲ្យពួកគេបែកបាក់គ្នាឡើយ។ លោក Pochettino បានប្រាប់បណ្តាញសារព័ត៌មាន BT Sport ថា៖ «ក្នុងកីឡាបាល់ទាត់ វាអាចកើតឡើង។ រាល់ការស៊ុតបាល់ទាំងអស់បានចូលទី។ យើងពិតជាខកចិត្តណាស់ និងឈឺចិត្ត ប៉ុន្តែ យើងត្រូវតែមានសាមគ្គីភាព។ ខ្ញុំគិតថា យើងខ្លាំងផ្នែកស្មារតីរបស់យើង»។ លោកបានបន្ថែមទៀតថា៖ «ប្រភេទនៃស្ថានភាពបែបនេះ អ្នកត្រូវតែប្រឈមមុខ។ វាពិតជាលំបាក ហើយអ្នកត្រូវតែរឹងមាំ និងរក្សាការធ្វើដំណើរទៅមុខ។ រក្សាការស្ថិតនៅជាមួយគ្នា ជួយគ្នាទៅវិញទៅមក និងស្ថិតនៅជាមួយគ្នា»៕
ប្រភពព័ត៌មាន៖ Channel News Asia