លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានបញ្ជាក់កាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធ Lionel Messi វិលចូលលេងវិញក្នុងពេលជួបជាមួយនឹងក្រុម Borussia Dortmund ស្របពេលក្រុមយក្សដែលមានមូលដ្ឋាននៅតំបន់ Catalonia មួយនេះ នឹងចាប់ផ្តើមការប្រជែងដណ្តើមពានក្របខ័ណ្ឌ Champions League នៅលើទឹកដីអាល្លឺម៉ង់ នៅរាត្រីនេះ។
Messi ដែលបានអវត្តមានកាលពីដើមរដូវកាលនេះ ដោយសារតែបញ្ហារបួសកំភួនជើងនោះ ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមរបស់ Barcelona សម្រាប់ការប្រកួតបើកឆាកនៃក្របខ័ណ្ឌ Champions League វគ្គចែកពូល បើទោះបីវានៅតែមានភាពមិនច្បាស់ថា តារាឆ្នើមអន្តរជាតិអាហ្សង់ទីន នឹងចូលលេង ឬយ៉ាងណាក៏ដោយ។ លោក Valverde បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «យើងនឹងសម្រេចចិត្តនៅថ្ងៃស្អែកនេះ។ កាលពីសប្តាហ៍មុន យើងមិនប្រាកដថា រូបគេអាចចូលលេង ឬយ៉ាងណាឡើយ ប៉ុន្តែ រូបគេបានហ្វឹកហាត់អស់រយៈពេល២សប្តាហ៍មកហើយ និងបានបង្ហាញពីភាពរឹងមាំដ៏ល្អ។ យើងនឹងរង់ចាំមើល»។
គ្រូបង្វឹករបស់ក្រុម Barcelona រូបនេះ បានបដិសេធក្នុងការបញ្ជាក់ថា កីឡាករ Ansu Fati វ័យ១៦ឆ្នាំ ដែលបានក្លាយជាអ្នករកបានគ្រាប់បាល់ក្មេងជាងគេបំផុតរបស់ក្លិបកាលពីដើមខែនេះ នឹងបំបែកកំណត់ត្រាមួយផ្សេងទៀត តាមរយៈការក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងការចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ ឬយ៉ាងណា។ លោក Valverde បានបន្ថែមថា៖ «ប្រសិនបើរូបគេលេង នោះវាមិនមែនដោយសារតែចង់បំបែកកំណត់ត្រាឡើយ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕
ប្រភពព័ត៌មាន៖ Channel News Asia