លោក Tite គ្រូបង្វឹកនៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ប្រេស៊ីល បាន​បញ្ជាក់​ថា តារាឆ្នើម Neymar នឹង​​បញ្ចប់​​ការ​រង់​ចាំ​ដ៏​យូរ​អង្វែង​មួយ​សម្រាប់​ការ​វិល​ត្រឡប់​របស់​គេ​ពី​របួស នៅ​ពេល​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង​មួយ​នេះ ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​កូឡុំ​ប៊ី ក្នុង​ការ​ប្រកួតមិត្ត​​ភាព​នៅ​ថ្ងៃ​សុក្រនេះ (ត្រូវ​នឹង​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា)​។ តា​រាឆ្នើម Neymar របស់​ក្លិប Paris Saint-Germain មិន​ធ្លាប់​បាន​ចូល​លេង​ឡើយ បើ​គិត​ចាប់​តាំងពី​​បាន​​រង​របួស​ក​ជើង ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ជា​មួយនឹង​ក្រុម​កាតា កាលពី​ខែមិថុនា ដែលបាន​ធ្វើ​ឲ្យ​រូប​គេ​អវត្ត​មានពីការ​ប្រកួត​ Copa America​។

ទោះ​បី​ជា​យ៉ាង​ណា​ លោក Tite បាន​បញ្ជាក់​កាលពីថ្ងៃព្រហស្បតិ៍​ថា ខ្សែ​រប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​​ពិនិត្យ​ឃើញ​ថា មាន​ភាព​រឹង​មាំ​គ្រប់គ្រាន់​ហើយ និង​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​​វិល​ទៅ​ប្រកួត​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិកូឡុំ​ប៊ី នា​​កីឡាដ្ឋាន Hard Rock​។ លោក Tite បាន​ឲ្យ​ដឹង​ថា៖ «​ជា​ទូទៅ រូប​គេ​បាន​ជា​​សះ​ស្បើយ​ពី​របួស​ទាំង​ស្រុង​ឡើយ ខណៈ​ដែល​គ្រប់គ្នា​ចង​ចាំ​ពីការ​លុប​ឈ្មោះ​រូប​គេ​ចេញ​ពី​យុទ្ធនាការ Copa America​»​។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​រូប​គេ​មិន​រឹង​មាំ​ទេ​នោះ រូប​គេ​នឹង​​មិន​ស្ថិត​នៅ​ជា​​នឹងក្រុម​ជម្រើស​ជាតិ​ឡើយ​។

យើង​​មិន​មែន​មិនមាន​ការ​ទទួល​ខុស​ត្រូវ​​ដើម្បី​បង្ខំ​លើ​ស្ថាន​ភាព​មួយ​ នៅ​ពេល​ដែល​មានការ​ខ្វល់​ខ្វាយ​ពី​សុខ​ភាព​កីឡាករ​ឡើយ​។ ខ្ញុំ និង​បុគ្គ​លិក​គ្រូប​ង្វឹក នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់លើ​ការ​វិវឌ្ឍ​របស់​គេ​។ រូប​គេត្រៀម​រួច​រាល់​ហើយ គេ​មាន​សមត្ថ​ភាព​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ក្រុម​»​។ ប្រេស៊ីល បាន​ឈ្នះ​ពាន Copa America ដោយ​គ្មាន Neymar កាលពី​ខែ​កក្កដា ដែល​ជា​ការ​ឈ្នះ​ពាន​ជា​លើក​ដំបូង​​របស់គេ​ក្នុងយុទ្ធ​នាការ​នេះ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៧​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia